(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. បានអញ្ជើញចូលរួមអបអរសាទរខួបកំណើតកុមាររួមគ្នាចំនួន៥៥០នាក់ ជាមួយកុមារដែលរស់នៅក្រោមការមើលថែទាំរបស់ អង្គការផ្ទះបាយកុមារ នាឱកាសទិវាកុមារអន្តរជាតិ។

មិនខុសពីឆ្នាំមុនៗដែរ ក្នុងឱកាសទិវាកុមារអន្តរជាតិ ០១ មិថុនា លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងសមាជិក សមាជិកា ស.ស.យ.ក. បានអញ្ជើញរៀបចំកម្មវិធីខួបកំណើតរួម សម្រាប់ប្អូនៗកុមារា កុមារី នៃអង្គការផ្ទះបាយកុមារ ជាមួយនឹងការនាំមកនូវសម្ភារៈចាំបាច់មួយចំនួនមកឧបត្ថម្ត ចំណីអាហារ ក្នុងនោះក៏មាននំខេកដើម្បីរៀបចំខួបកំណើតរួមគ្នា សម្រាប់ចែកជូនដល់កុមារនៅអង្គការផ្ទះបាយកុមារ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ការចូលរួមចំណែកក្នុងអង្គការផ្ទះបាយកុមារ គឺជាផ្នែកមួយនៃបេសកកម្មរយៈពេល ៤៥ ឆ្នាំ របស់ស.ស.យ.ក. ដែលយើងខិតខំប្រឹងប្រែង រួមចំណែក លះបង់ និងដឹកនាំចលនាតែមួយដើម្បីកិច្ចការងារសង្គម»។ លោកបន្តថា បេសកកម្មនេះ នឹងបន្តតទៅមុខបន្ថែមទៀត។

លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ លោកពូ ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ ដែលបានបន្តឆន្ទៈ ក្នុងការប្រឹងប្រែងជួយគាំទ្រដល់ប្អូនៗ។ លោកបានថ្លែងអំណរគុណដល់សប្បុរសជន សមាជិក សមាជិកា ស.ស.យ.ក. ក្រុមហ៊ុនឯកជន អាជ្ញាធរ ដែលបានចូលរួមឧបត្តម្ថ និងជួយសម្របសម្រួលដល់អង្គការផ្ទះបាយកុមារ។

លោក ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ថា លោក និងសហការី នឹងមិនទៅណាចោលប្អូននោះទេ យ៉ាងហោចណាស់ក៏ព្យាយាមជួប ២ ដងក្នុងមួយឆ្នាំដែរ គឺក្នុងថ្ងៃទិវាសិទ្ធកុមារអន្តរជាតិ និងទិវាបុណ្យណូអ៊ែល៕