(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំចោលសំរាមពាសវាលពាសកាល ជាពិសេសថង់ប្លាស្ទិក ដែលបង្កឱ្យផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់យើងនៅថ្ងៃអនាគត។
ការថ្លែងដូច្នេះរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់កម្មករ-កម្មការិនី អនាម័យ និងបរិស្ថានចំនួន ២,៣៥៥នាក់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា «នៅរាជធានីភ្នំពេញ សំរាមគិតជាមធ្យមជិត ៤,០០០តោនក្នុងមួយថ្ងៃ ដែលត្រូវបានប្រមូល និងដឹកជញ្ជូនទៅទីលានចាក់សំរាមដង្កោ ដែលជាចំនួនមួយដ៏ច្រើន ដូច្នេះសូមបងប្អូនទូទាំងប្រទេស ក៏ត្រូវតែទុកដាក់សំរាមឱ្យត្រឹមត្រូវ និងរួមគ្នាកាត់បន្ថយសំរាម តាមរយៈកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជំនួសដោយស្លឹកចេកជាដើម»។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងទៀតថា ដើម្បីចូលរួមឱ្យប្រទេសយើងមានសោភ័ណភាពស្អាត គ្មានសំរាមនៅតាមដងផ្លូវ សួនច្បារ និងកន្លែងសាធារណៈ គឺត្រូវផ្ដើមចេញពីការចេះស្រលាញ់បរិស្ថាននៅក្នុង និងជុំវិញផ្ទះយើងជាមុនសិន ដូច្នេះសូមលើកទឹកចិត្ដដល់ប្រជាពលរដ្ឋយើង សម្អាតផ្ទះសម្បែងឱ្យបានស្អាត កុំចោលសំរាមផ្ដេសផ្ដាស ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ។ចង់ឱ្យប្រទេសយើងស្រស់ស្អាត គឺផ្ដើមចេញពីពួកយើងទាំងអស់គ្នាចេះស្រលាញ់ស្រុកភូមិរបស់យើង និងប្រទេសជាតិយើង។
ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវរបស់ប្រជាជនយើង គឺបានចូលរួមចំណែកច្រើនណាស់សម្រាប់សង្គម និងប្រទេសជាតិ ពិសេសជួយសម្រាលដល់ការងារបងប្អូនកម្មករ-កម្មការិនីអ្នកប្រមូលសំរាម ពិសេសរបស់របប រឹងមុតស្រួច ឬកំទេចកំទី ដែលងាយនឹងធ្វើឱ្យកម្មករ-កម្មការិនីយើង ងាយរងរបួសបណ្ដាលឱ្យគ្រោះថ្នាក់ដល់សុខភាព និងជីវិតនៅថ្ងៃអនាគត។
ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងណែនាំឱ្យកម្មករ-កម្មការិនីទាំងអស់ថា «ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ព្រោះថាការងាររបស់កម្មករ-កម្មការិនី អាចប្រឈមនឹងបញ្ហាសុខភាពបើមានការទ្វេសប្រហែស នឹងបានស្នើសុំដល់កម្មករ-កម្មការិនីអនាម័យ និងបរិស្ថានទាំងអស់ ពេលបំពេញការងារត្រូវពាក់ម៉ាស ពាក់ស្រោមដៃ ស្រោមជើងឱ្យបានត្រឹមត្រូវ ដើម្បីការពារហានិភ័យនៃគ្រោះថ្នាក់ផ្នែកសុខភាព ដោយសារកាកសំណល់សំរាមទាំងនោះ»។
បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ មានភាពល្អប្រសើរលើការងារគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ព្រមទាំងការថែរក្សាអនាម័យ-បរិស្ថានទីក្រុងស្អាត ពោលគឺ ក្រោយពេលដែលរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់លើការងារគ្រប់គ្រងសំរាម-សំណល់រឹងនៅទូទាំងប្រទេស ក្នុងនោះនៅរាជធានីភ្នំពេញ បានរៀបចំនីតិវិធីដេញថ្លៃប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ និងបានជ្រើសរើសក្រុមហ៊ុនចំនួន៣ ដើម្បីផ្ដល់សេវាប្រមូល និងដឹកជញ្ចូនសំរាមក្នុងរាជធានីភ្នំពេញ រួមមាន ក្រុមហ៊ុន ៨០០ស៊ូភើ ប្រមូលសំរាមក្នុងខណ្ឌចំនួន៥ (ខណ្ឌទួលគោក, សែនសុខ, ប្ញស្សីកែវ, ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ), ក្រុមហ៊ុន មីហ្សូដា ក្នុងខណ្ឌចំនួន ៥ (ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ) និងក្រុមហ៊ុន ស៊ីនទ្រី ក្នុងខណ្ឌចំនួន ៤ (ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ)។
ប្រតិបត្តិករទាំង៣ បានអនុវត្តនូវកម្មវិធីប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹងបានទៀងទាត់ល្អ មានមធ្យោបាយ និងសម្ភារៈបរិក្ខារប្រើប្រាស់ថ្មីទំនើប ព្រមទាំងមានបុគ្គលិក កម្មករ-កម្មការិនីសមស្របទៅនឹងទំហំការងារ។ យោងតាមបទពិសោធន៍នាពេលកន្លងមក នៅពេលដែលរាជធានីភ្នំពេញ មានប្រតិបត្តិករប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹងតែមួយ បរិមាណសំរាមដែលត្រូវបានប្រមូល និងដឹកជញ្ជូនទៅទីលានចាក់សំរាមដង្កោ គិតជាមធ្យមត្រឹមតែចំនួន ២,៧០០តោន/ថ្ងៃ ប៉ុន្តែក្រោយពេលកំណែទម្រង់ ប្រតិបត្តិករទាំង៣ មានលទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹងគិតជាមធ្យមជិត ៤,០០០ តោន/ថ្ងៃ ជាហេតុធ្វើឱ្យរាជធានីភ្នំពេញមានបរិស្ថានស្អាត និងគ្មានសំរាមកកស្ទះដូចមុនទេ។
ទន្ទឹមគ្នាទៅនឹងវឌ្ឍនភាពទាំងនេះ ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ចូនសំរាម-សំណល់រឹងនៅរាជធានីភ្នំពេញក៏នៅមានបញ្ហាប្រឈមមួយចំនួន ព្រោះថានៅមានប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់គោរពពេលវេលានៃការបញ្ចេញសំរាម, ឥរិយាបថែនការទុកដាក់សំរាម-ការញែកសំរាម, បញ្ហាកំណកធូលីដីតាមដងផ្លូវ និងការកែច្នៃសំរាម ជាដើម។
នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ថ្លែងក្នុងពិធីជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់កម្មករ-កម្មការិនី អនាម័យ និងបរិស្ថានចំនួន ២,៣៥៥នាក់ នៅរាជធានីភ្នំពេញ ក្រោមអធិតីភាពរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕