(សៀមរាប)៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងឧទ្យានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ចាំង សសរពុក បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី៤នៃខែឧសភា ក្រុមការងារសហគមន៍បានចុះពិនិត្យសំណើបានចំនួន៤៧ករណី និងសម្រេចអនុញ្ញាតបានចំនួន៤៧ករណី ទៅតាមបណ្ដាលស្រុក/ក្រុងទាំង៥ដូចខាងក្រោម៖

* ស្រុកបន្ទាយស្រីអនុញ្ញាតបាន ១២ករណី
* ស្រុកប្រាសាទបាគងអនុញ្ញាតបាន ២ករណី
* ស្រុកពួកអនុញ្ញាតបាន ១៤ករណី
* ក្រុងសៀមរាបអនុញ្ញាតបាន ១៦ករណី
* ស្រុកអង្គរធំអនុញ្ញាតបាន ៣ករណី

សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឃឹមថាប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឮពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕