(ភ្នំពេញ)៖ រយៈពេលប៉ុន្មានថ្ងៃមកនេះ មានព្រឹត្តិការណ៍សង្គមធំៗចំនួន៣ ដែលមហាជនបានតាមដាន ដោយយកចិត្តទុកដាក់ ។ មហាជនយកចិត្តទុកដាក់ ព្រឹត្តិការណ៍នេះក៏ដោយសារតែរឿងទាំងនោះ ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ហើយបើស្រុកទេសមានកើតចលាចលអីទៅនោះវាមិនត្រឹមតែប៉ះពាល់ដល់ ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងធ្វើឱ្យប៉ះពាល់ដល់ការរៀនសូត្ររបស់កូនៗគាត់ និងការប្រកបរបររកស៊ីទទួលទានរបស់គាត់ទៀតផង។
ក្នុងនាមជាអ្នកតាមដានព្រឹត្តិការណ៍សង្គមម្នាក់ ខ្ញុំសូមរួមចំណែកជាយោបល់ខ្លះៗ ជូនមហាជនអំពីការវិភាគព្រឹត្តិការណ៍ថ្មីៗដូចខាងក្រោម៖
១៖ ព្រឹត្តិការណ៍ប្រកាសសាលក្រមផ្តន្ទាទោស កឹម សុខា៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោស កឹម សុខា ដាក់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់៨សែនរៀល។ ភ្លាមបន្ទាប់ពីការប្រកាសសាលក្រម គណបក្សសង្រ្គោះជាតិបានចេញសេចក្តីថ្លែងការណ៍ ដោយ បដិសេធចោលសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងទាមទារឱ្យទម្លាក់ការចោទប្រកាន់លើ កឹម សុខា ដែលបច្ចុប្បន្នគឺជាពិរុទ្ធជន ព្រមទាំងសកម្មជន ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដទៃទៀត មន្រ្តីអង្គការសង្គមស៊ីវិល និងមន្រ្តីគណៈកម្មាធិការរៀបចំការបោះឆ្នោត ហើយបានគម្រាមថា ប្រសិនបើការទាមទារនេះ មិនទទួលបានលទ្ធផល គណបក្សសង្រ្គោះជាតិនឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មដោយអហិង្សា។
មើលមួយភ្លែតហាក់បីដូចជាទំនង ប៉ុន្តែដល់គិតបន្តិច ទើបយល់ថា គណបក្សសង្រ្គោះជាតិ អត់ចេះច្បាប់អីបន្តិច ប៉ុន្តែពូកែខាងឡាំប៉ា។ ក្នុងសង្គមប្រជាធិបតេយ្យ គឺគេប្រកាន់យកនីតិរដ្ឋជាធំ។ រដ្ឋធម្មនុញ្ញយើងចែងថា អំណាចចែកដាច់ពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតបត្តិ និងអំណាចតុលាការ។ បើតុលាការ សម្រេចផ្តន្ទាទោសជនណាម្នាក់ហើយ ហើយជននោះមិនសុខចិត្តតាមផ្លូវច្បាប់ វិធីដោះស្រាយ គឺមានតែមួយគត់ និងមានតែគត់ គឺប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍ និងបើមិនសុខចិត្តទៀត អាចប្តឹងទៅតុលាការកំពូលទៀត។ នៅស្រុកខ្មែរតុលាការមានច្រើនជាន់ និងថ្នាក់ ដូចនៅស្រុកគេដែរ។ ប៉ុន្តែមើលទៅបើត្រូវប្តឹងទៅឧទ្ធរណ៍ គឺគ្រាន់តែជារូបភាពប៉ុណ្ណោះ ព្រោះទាំងមេធាវី ទាំងលោក កឹម សុខា ដែលជាជនជាប់ចោទ មិនបានចូលរួមនៅក្នុងនីតិវិធីតុលាការទេ គឺពហិការមិនចូលរហូត។
ដោយមិនចង់និយាយដល់រឿងគាត់ ក្នុងឋានៈជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ មានស្រីញីក្មេងៗ អាយុស្មើកូនស្រីរបស់គាត់ ដែលជារឿងខុសសីលធម៌ យើងទាំងអស់គ្នានៅចាំថា ដើមចមពិតប្រាកដដែលនាំទៅដល់រឿងរ៉ាវក្តីក្តាំ រហូតដល់ការកាត់ទោស កឹម សុខា ដាក់ពន្ធនាគារ ៥ និងពិន័យជាប្រាក់ ៨ សែនរៀល នៅថ្ងៃទី ៩ កញ្ញា ២០១៦ គឺដោយហេតុរឿងពហិការជាមួយតុលាការដែរ។ កាលណោះ ដោយអាងខ្លួនជាប្រធានស្តីទីបក្សប្រឆាំង និងមានអភ័យឯកសិទ្ធិ គាត់ដាក់ខ្លួនអង្គុយនៅពីលើច្បាប់ មិនគោរពច្បាប់ និង ប្រឆាំងនឹងនីតិវិធីតុលាការ។ ពេលនោះបើគាត់គោរពច្បាប់តែបន្តិច ចូលខ្លួនទៅតុលាការទៅ គឺចប់រឿងហើយ ព្រោះគេបានកោះហៅគាត់ចូលតុលាការ ក្នុងឋានៈគាត់ជាសាក្សីទេ មិនមែនជាជនល្មើសឯណា ហើយពេលនោះតុលាការបានទុកឱកាសឱ្យគាត់ម្តងទៀត គឺ មិនចូលម្តង នៅថ្ងៃទី ១៧ ឧសភា កោះហៅម្តងទៀត នៅថ្ងៃទី ២៦ ឧសភា ប៉ុន្តែ នៅតែមិនចូល ប្រហែលភ្លេចមើលមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ហើយមើលទៅ។ ការរឹងរូសនេះហើយ ទើបនាំទុក្ខដាក់ខ្លួន ហើយបើធ្វើមិនស្រួល គឺនាំទុក្ខដល់គណបក្សទាំងមូលតែម្តង។
២៖ ព្រឹត្តិការណ៍នៃការរៀបចំធ្វើមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ៖ បន្តពីព្រឹត្តិការណ៍ នៃការប្រកាសសាលក្រមកាត់ទោសលោក កឹម សុខា ដោយសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ លោក កឹម សុខា និងលោក សម រង្ស៊ី បានប្រកាសធ្វើមហាបាតុកម្មនៅចំពោះមុខ យុវជនរបស់ខ្លួន នៅស្នាក់ការគណបក្សសង្រ្គោះជាតិ។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍គណបក្ស ដោយក្នុងនោះ គឺបានសម្រេចឱ្យគណបក្សរៀបចំមហាបាតុកម្ម។
តើអ្វីជាដំណោះស្រាយពិតប្រាកដសម្រាប់ការកាត់ទោសលោក កឹម សុខា ? សម្រាប់អ្នកចេះច្បាប់វិធីដោះស្រាយ គឺមានតែផ្លូវតុលាការ បើមិនសុខចិត្តនឹងសាលក្រម គឺត្រូវប្តឹងឡើងទៅសាលាឧទ្ធរណ៍ ការពារខ្លួន ឬសុំឱ្យតុលាការបន្ធូរបន្ថយទោស ប៉ុន្តែផ្ទុយទៅវិញ បែរយកតុលាការធ្វើសត្រូវ និងគម្រាមបំផ្លាញនីតិរដ្ឋ តាមរយៈការគម្រាមរៀបចំធ្វើមហាបាតុកម្ម។ យើងអាចសួរបន្តទៅតទៀត តើធ្វើមហាបាតុកម្មដើម្បីអ្វី ? ចម្លើយ គឺដើម្បីដាក់សំពាធឱ្យមានការទំលាក់ចោល ការចោទប្រកាន់ និងដោះលែងមនុស្ស! ដាក់សំពាធលើអ្នកណា ?
បើលើរដ្ឋាភិបាល គឺមិនមែនទេ ព្រោះតុលាការទេដែលជាអ្នកកាត់ទោស។ ដូចនេះមានតែដាក់សំពាធលើតុលាការ ? បើដាក់សំពាធលើតុលាការ គឺអាចភ្លេចមើលមាត្រា ៥២២ និង៥២៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់បទល្មើសទៀត។ កាន់តែរើ គឺកាន់តែជាប់ ព្រោះរើមិនត្រូវកន្លែង ហើយអាចជាប់ដល់គណបក្សទៀត ព្រោះគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សជាអ្នកសម្រេចឱ្យធ្វើមហាបាតុកម្មនេះ។ មហាបាតុកម្ម មិនមែនជាវិធីដោះស្រាយនោះទេ ហើយវានាំគណបក្សសង្រ្គោះជាតិកាន់តែជាប់ផុង ព្រោះមហាបាតុកម្មនេះ គឺខុសពីលើកមុនៗ មហាបាតុកម្មនេះ គឺជាការប្រមូលកម្លាំងមហាជន ប្រឆាំងនឹងការអនុវត្តច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យសេរី ហើយក៏មានន័យថា ជាការប្រឆាំងនឹងអំណាចរដ្ឋ គឺអំណាចតុលាការ ដែលជាអំណាចមួយក្នុងចំណោមអំណាចធំៗទាំង ៣ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
មិនតែប៉ុណ្ណោះការធ្វើមហាបាតុកម្មប្រឆាំងនឹងអំណាចរដ្ឋបែបនេះ គឺនឹងធ្វើឱ្យប្រទេសជាតិមានអស្ថិរភាព ចលាចល ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សេចក្តីសុខ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទៀតផង។ ដូចនេះ តើសកម្មភាពរបស់គណបក្សសង្គ្រោះជាតិបែបនេះ ជាការគម្រាមកំហែងដល់សេក្តីសុខរបស់សង្គមជាតិ និងស្ថិរភាព សណ្តាប់ធ្នាប់សង្គម ឬទេ ?
៣៖ ព្រឹត្តិការណ៍នៃការចល័តកម្លាំងសន្តិសុខ៖ ដើម្បីឆ្លើយតបនឹងការគម្រាមកំហែងរបស់គណបក្សសង្រ្គោះជាតិ ក្នុងប្រើកម្លាំងមហាជនធ្វើមហាបាតុកម្មប្រឆាំង នឹងអំណាចរដ្ឋ ប្រឆាំងនឹងនីតិរដ្ឋ ដែលជាគ្រោះថ្នាក់សម្រាប់សង្គមជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានខ្លាំងៗថា ៖ «ខ្ញុំសុំប្រាប់ទៅវិញថាទេ! មិនមានដំណោះស្រាយ នយោបាយណា ដែលអាចរកឃើញតាមរយៈបក្សនយោបាយនោះឡើយ ព្រោះវាជាសមត្ថកិច្ចរបស់តុលាការ។ បុគ្គលដែលធ្វើខុសកុំយកប្រទេសជាតិធ្វើជាចំណាប់ខ្មាំង កុំយកបក្សនយោបាយ ធ្វើជាជម្រកបិទបាំងនូវកំហុសរបស់ខ្លួន»។
សម្តេចតេជោ បានគូសបញ្ជាក់ថា៖ «ខ្ញុំបញ្ជាដល់គ្រប់កម្លាំងមានសមត្ថកិច្ច ត្រៀមខ្លួនកម្ចាត់ចោលនូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ ដើម្បីការពារនូវភាព សុខសាន្តរបស់ប្រជាជន។ ដោយតម្លៃណាក៏ដោយ គឺត្រូវការពារស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យខាងតែបាន ព្រោះវាជាតម្រូវការរបស់ជាតិ និងប្រជាជន»។ ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា៖ «មេដឹកនាំបាតុកម្មកុំអាងលើសិទ្ធិបញ្ចេញមតិ ហើយភ្លេចគិតដល់សិទ្ធិអ្នកដទៃ រាប់ទាំងសិទ្ធិរបស់រាជរដ្ឋាភិបាលផងដែរ។ ឧទ្ទាមកម្មក្នុងទីក្រុង ដើម្បីបិទបាំងជនដែលតុលាការកាត់ទោស មិនត្រូវបានអនុញ្ញាតទេ។ សុំអស់លោកលោកស្រីកុំញ៉ាម និងកុំអាងលើបាតុកម្ម។ វាយពស់ត្រូវវាយក្បាលមុន បើមិនជឿ សុំសាកមើល។ នេះមិនមែនជាការគំរាមទេ តែវាធ្ងន់ជាងគំរាមទៅទៀតព្រោះជា ប្រភេទនៃបទបញ្ជា កម្លាំងរបស់រាជរដ្ឋាភិបាលទាំងអស់ ត្រៀមខ្លួនកម្ចាត់ចោលរាល់កម្លាំងដែលធ្វើសកម្មភាពបំផ្លាញ សន្តិសុខជាតិ ហើយខ្ញុំមានសិទ្ធិ និងនិយាយរបៀបនេះ ព្រោះវាជាសិទ្ធិអំណាចនាយករដ្ឋមន្ត្រី»។
គួរកត់សំគាល់ដែរថា យោងតាមមាត្រា៥២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសាធារណៈ។ ដូចនេះបទញ្ជារបស់នាយករដ្ឋមន្រ្តី ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែងរបស់គណបក្សសង្រ្គោះជាតិ ក្នុងការប្រមូលកម្លាំងមហាជន ធ្វើមហាបាតុកម្មប្រឆាំង នឹងអំណាចរដ្ឋ និងនីតិរដ្ឋ គឺ ជាស្ថិតក្នុងក្របខណ្ឌនៃសិទ្ធិអំណាច និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដោយយោងទៅតាម រដ្ឋធម្មនុញ្ញ។ ការចល័តកម្លាំងសន្តិសុខ និងការប្រកាសជាបន្តបន្ទាប់របស់មេដឹកនាំកម្លាំងប្រដាប់អាវុធ ក្នុងការអនុវត្តបទបញ្ជារបស់នាយករដ្ឋមន្រ្តី គឺបានបង្ហាញនូវការធានាមួយយ៉ាងច្បាស់ចំពោះមុខប្រជាជនថា រដ្ឋអំណាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបគ្រប់បែបយ៉ាង និងគ្រប់កាលៈទេសៈ ទៅនឹងការគម្រាមកំហែងរបស់គណបក្សប្រឆាំង ដើម្បីធានាស្ថិរភាព និងសេចក្តីសុខជូនប្រជាជន។
ដោយ៖ គិត វិភាគ