(ភ្នំពេញ)៖ កម្ពុជា និងថៃ កំពុងរៀបចំនូវកិច្ចសហការ និងធ្វើការកំណត់អត្តញ្ញាណរបស់ជនរងគ្រោះ ដោយសារអំពើជួញដូរផ្សេងៗ ឲ្យមានការឯកភាពគ្នា ដើម្បីឈានទៅជួយសង្គ្រោះ គាំពារ ទប់ស្កាត់ និងបង្ការអំពើជួញដូរមនុស្ស ខណៈជាបន្តបន្ទាប់សមត្ថកិច្ចបានរកឃើញជនរងគ្រោះមានទាំងពលករខ្មែរធ្វើការនៅថៃ និងពលរដ្ឋថៃ ធ្វើការក្នុងប្រទេសកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំទ្វេភាគីកម្ពុជា និងថៃ ពិភាក្សាបញ្ចប់លើផែនការសកម្មភាព ឆ្នាំ២០២៤-២០២៦ សម្រាប់អនុវត្ត «ស្ដង់ដារនៃនីតិវិធីប្រតិបត្តិសម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់» ក្នុងការជួយជនរងគ្រោះដោយសារការជួញដូរនៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ជូន ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស បានលើកឡើងថា នៅចុងឆ្នាំ២០២៤នេះ នឹងមានកិច្ចប្រជុំម្ដងទៀត ដើម្បីធ្វើការពិភាក្សាគ្នា ក្នុងការរៀបចំឲ្យមានជាបទដ្ឋាន គោលការណ៍ណែនាំ ដើម្បីធ្វើឲ្យមានការឯកភាពគ្នា ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ មិនមានការប្រឈមគ្នាដូចមុន។

លោកស្រី ជូ ប៊ុនអេង បានបន្តថា បន្ទាប់ពីមានការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយមានការឯកភាពគ្នាហើយនោះ នឹងមានការអនុវត្តសាកល្បង ហើយបញ្ហានេះទាំងអង្គការ IOM ប្រចាំកម្ពុជា និងថៃ បានស្ម័គ្រចិត្តក្នុងការគាំទ្រ ដើម្បីអនុវត្តនផែនការនេះ ហើយបើការងារនេះទទួលបានជោគជ័យ នឹងអាចឈានដល់ការជួយគាំពារជនរងគ្រោះ ឬទប់ស្កាត់កុំឲ្យមានករណីនេះកើតឡើង។

កិច្ចប្រជុំទ្វេភាគីនេះ ក៏បានសម្រេចបាននូវគោលការណ៍ចំនួន២បន្ថែមទៀត ដែលក្នុងនោះ មានការយល់ព្រមក្នុងទម្រងរួម ដើម្បីកំណត់អត្តសញ្ញាជនរងគ្រោះ និងសម្រង់នៃនីតិវិធីក្នុងការគាំពារជនរងគ្រោះ ដែលផែនការនេះ បានពន្យាពី២ឆ្នាំ ទៅ៣ឆ្នាំ។

សូមជម្រាបថា កិច្ចប្រជុំទ្វេភាគីនេះ បានធ្វើឡើងរយៈពេល២ថ្ងៃ នៅប្រទេសថៃ គឺចាប់ពីថ្ងៃទី២៩ ដល់៣០ ខែឧសភា ឆ្នាំ២០២៤។

ការងារនេះ សម្រាប់ភាគីកម្ពុជា មានកិច្ចសហការពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអគ្គស្នងការនគរបាលជាតិ៕