(ឧត្តរមានជ័យ)៖ ក្មេងទំនើងចំនួន៨នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួន បន្ទាប់ពីក្រុមក្មេងទំនើងទាំងនេះធ្វើសកម្មភាពប្រមូលផ្តុំគ្នាប្រើប្រាស់សារធាតុញៀន និងដកហូតបានវត្ថុតាងមួយចំនួន។

បើតាមលោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះថា៖ «ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៨នាក់នេះ គឺនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ បានទទួលលព័ត៌មានពីប្រជាការពារភូមិចំការម្នាក់ថា មានក្រុមក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន និងមានលាក់ទុកអាវុធខុសច្បាប់ (ស្នាប់ដៃ)»

ក្រោយទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ ក៏បានចុះទៅដល់ទីតាំងកើតហេតុ និងធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន០៨នាក់ ដកហូតវត្ថុតាងរួមមាន៖ ប្រដាប់ជក់គ្រឿងញៀនចំនួន០១ ស្នាប់ដៃធ្វើអំពីដែក ចំនួន០១ ទូរស័ព្ទដៃ ចំនួន ០២គ្រឿង និងម៉ូតូចំនួន ០៣គ្រឿង។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៨នាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕