(ភ្នំពេញ)៖ នាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បន្តអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមកម្ពុជាចំនួន១០៥នាក់ទៀត ទៅធ្វើបុណ្យធម្មយាត្រាហាជ្ជ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជើងទី២ នៃឆ្នាំ២០២៤។

ការចេញដំណើរនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ខណៈឆ្នាំនេះមានសាសនិកឥស្លាមកម្ពុជាចំនួន៩១១នាក់ ចេញទៅធ្វើបុណ្យហាជ្ជនេះ ដោយក្នុងម្នាក់ៗចំណាយប្រមាណ៦០០០ដុល្លារដែល គិតជាថវិកាសរុបប្រមាណ ៥.៥លានដុល្លារ។

ក្នុងចំណោម៩១១នាក់ខាងលើ ក្នុងនោះក៏មានព្រះរាជទាន ពីព្រះចៅ សាល់ម៉ាន់ ព្រះមហាក្សត្រប្រទេសអារ៉ាប៊ីសាអ៊ូឌីត និង ព្រះអង្គម្ចាស់រាជទាយាទមូហាំម៉ាត់ ពិនសាល់ម៉ាន់ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ចំនួន២០នាក់ផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិតបានឲ្យដឹងថា កាលពីឆ្នាំ២០២៣ កន្លងទៅ សាសនិកឥស្លាមកម្ពុជា បានទៅប្រតិបត្តិបុណ្យហាជ្ជនេះមានចំនួន ៩៥៧រូប ក្នុងនោះក៏មានព្រះរាជទានពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតចំនួន២០រូបដូចឆ្នាំនេះផងដែរ ដោយក្នុងម្នាក់ៗចំណាយចន្លោះពី ៦៥០០ ទៅ៧៥០០ដុល្លារ ខណៈឆ្នាំនេះក្នុងម្នាក់ៗចំណាយចន្លោះពី ៦០០០ ទៅ៦៣០០ដុល្លារប៉ុណ្ណោះ ដោយមានតម្លៃទាបជាងឆ្នាំមុន។

លោកបានលើកឡើងបន្តថា ជាទូទៅការទៅប្រតិបត្តិបុណ្យហាជ្ជនេះ ភាគច្រើនមានរយៈពេល៤០ថ្ងៃ។ ដោយឡែកកាលពីឆ្នាំ២០២៣ កន្លងទៅបងប្អូនសាសនិកឥស្លាមកម្ពុជាមួយចំនួន បានស្ម័គ្រចិត្តការប្រតិបត្តិនេះរយៈពេលជាង ៣០ថ្ងៃប៉ុណ្ណោះ ដោយសារពួកគាត់ចង់វិលត្រឡប់មកបំពេញកាតព្វកិច្ចបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីចូលរួមបោះឆ្នោតគាំទ្រដល់រាជរដ្ឋាភិបាល ព្រោះថាបើគាត់នៅដល់រយៈពេល៤០ ថ្ងៃនោះ គឺហួសថ្ងៃបោះឆ្នោតដែលប្រព្រឹត្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោកគូសបញ្ជាក់ថា ការចេញដំណើររបស់សាសនិកឥស្លាមកម្ពុជា នាពេលនេះសបញ្ជាក់ឲ្យឃើញថា សព្វថ្ងៃសាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស មានជីវភាពធូរធារ និងការវិវត្តស្ថានភាពរស់នៅរបស់ខ្លួនឆ្ពោះទៅមុខជាបន្តបន្ទាប់ ដែលជាចំណែកមួយនៃការកើនឡើងនៃសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ សាសនិកឥស្លាមកម្ពុជា បានចេញដំណើរចំនួន៤៣នាក់សម្រាប់ជើងទី១ ដឹកនាំក្រុមហ៊ុនបារ៉ាក់ ហាជ្ជី និងអុំរ៉ោះ។

លោក អូស្មាន ហាស្សាន់ បានផ្តាំផ្ញើ និងការជូនពរដល់អ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជនាថ្ងៃនេះ  ព្រមទាំងអ្នកចេញដំណើរជាបន្តបន្ទាប់ សូមប្រកបដោយ សេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម។

គួរបញ្ជាក់ថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី អញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត៕