(ឧត្តរមានជ័យ)៖ លោកស្រី ប្រាក់ សុជាតា ជាឧត្តមភរិយាលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារសិក្សា និងថវិកា មួយចំនួន ចែកជូនកុមាកំព្រា ក្នុងមណ្ឌុលអង្គការត្រង់ហ្វមអេស្សា ស្ថិតក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

នៅក្នុងឱកាសនេះដែរ លោកស្រី ប្រាក់ សុជាតា បានថ្លែងនូវអារម្មណ៍រំភើបសប្បាយរីករាយ ដែលបានមកជួបមុខដោយផ្ទាល់ជាមួយប្អូនៗ ក្មួយៗ ដែលជាកុមារកំព្រា ដែលកំពុងស្នាក់នៅមណ្ឌុលអង្កការត្រង់ហ្វមអេស្សា នាពេលនេះ។ លោកស្រីក៏បានថ្លែងណែនាំដល់ប្អូនៗ និងក្មួយៗ កុមារកំព្រាដែលស្នាក់នៅទីនេះទាំងអស់ ត្រូវខិតខំរៀនសូត្រនូវមុខវិជ្ជា មុខជំនាញផ្សេងៗ ដើម្បីអានាគតខ្លួនឯង និងប្រទេសជាតិ។

លោកស្រីក៏បានលើកទឹកចិត្តដល់ប្អូនៗកុមារកំព្រាទាំងអស់ សូមកុំមានការអស់សង្ឃឹមក្នុងជីវិតឱ្យសោះ ថ្វីបើប្អូនជាកុមារកំព្រាក៏ពិតមែន តែប្អូនៗបានទទួលការមើលថែទាំយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំអង្គការ ក៏ដូចជាការចូលរួមឧបត្ថម្ភពីថ្នាក់ដឹកនាំប្រទេស ពីសប្បរសជនជិតឆ្ងាយជាហូរហែរ ពិសេសបានធ្វើឱ្យប្អូនៗមានឱកាសបានរៀនសូត្រដូចកុមារដទៃទៀតដែរ។ ដូច្នេះអ្វីដែលប្អូនៗ ក្មួយៗ ត្រូវធ្វើចំពោះមុខ គឺត្រូវចេះស្រឡាញ់រាប់អានគ្នាដូចបងប្អូនបង្កើត ត្រូវធ្វើខ្លួនឱ្យក្លាយជាក្មេងល្អ ជាក្មេងដែលមានសីលធម៌ល្អក្នុងការរស់នៅ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

លោកស្រី ប្រាក់ សុជាតា ក៏បានអំណរគុណចំពោះក្រុមការងារដែលបានចូលរួមជាមួយលោកស្រី ក្នុងការចែកអំណោយជូនកុមារកំព្រានាពេលនេះ ហើយលោកស្រីក៏ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភផងដែរ។

អំណោយដែលនាំមកចែកជូននាពេលនេះរួមមាន៖ អង្ករចំនួន ៤៤ការ៉ុង ទឹកសុទ្ធចំនួន ៥០កេស ទឹកដោះគោក្មេងចំនួន ៣០កេស មីម៉ាម៉ាចំនួន ១០កេស សាប៊ូចំនួន ១០ធុង ទឹកស៊ីអ៉ីវចំនួន ១០យួរ ទឹកត្រីចំនួន ១០យួរ ប្រហុកចំនួន ១០គីឡូ ស្ករសចំនួន ១០គីឡូ ខ្ទឹមសចំនួន ៥គីឡូ អំបិលចំនួន ៥០គីឡូ ប៊ីចេងចំនួន ១០កញ្ចប់ នំបុ័ងសាច់ចំនួន ៥០ប្រអប់ សម្ភារសិក្សាចំនួន ៤៧ឃីត (មានស្បែកជើង កាតាប សៀវភៅ ប៊ិច ខ្មៅដៃ)និងថវិកាចំនួន ៤,៤០០,០០០ រៀល សរុបថវិកាទាំងអស់ចំនួន ១២,២៨០,០០០រៀល៕