(ភ្នំពេញ)៖ យោងតាមសារាចរណែនាំលេខ០៣ សរណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចូលរួមកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច ព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ លើកទី២។

ចំពោះមុខ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមសព សម្តេចព្រះមហាសង្ឃរាជ ឲ្យស្របតាមប្រពៃណីជាតិ សក្តិសមនឹងព្រះកិត្តិយស និងព្រះគុណូបការៈ ដ៏ធំធេងបំផុតរបស់សម្តេច ដែលបានបូជាថ្វាយចំពោះជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

*ទី១៖ គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថានសិក្សា វត្តអារាម មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ មួយភាគបីនៃដងពីលើចុះមកក្រោម ដើម្បីចូលរួមកាន់ទុក្ខលើកទី២ រយៈពេល១ថ្ងៃ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

*ទី២៖ គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរព័ត៌មានរាជធានីភ្នំពេញ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយដល់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ ឲ្យផ្អាកសកម្មភាពសម្តែង និងផ្អាកការចាក់ផ្សាយនូវ ទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ វិស័យឯកជន គ្រឹះស្ថានសិក្សា វត្តអារាម និងប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមផ្សព្វផ្សាយ និងអនុវត្តសេចក្តីណែនាំនេះ ឲ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕