(កំពង់ធំ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះពិនិត្យផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) ចំនួន១ខ្សែ ប្រវែងសរុប ៤,៥០០ម៉ែត្រ មានទទឹង៦ម៉ែត្រ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នាឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានណែនាំដល់មន្ត្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់ថែទាំផ្លូវទាំងអស់នេះ ជាប្រចាំឲ្យបានល្អ ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក ឆាយ ឫទ្ធិសែន និងក្រុមការងារបន្តចុះពិនិត្យផ្លូវដែលនៅសល់មិនទាន់ស្ថាបនាដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចាប់ពីចុងផ្លូវដែលបានស្ថាបនារួចស្ថិតក្នុងភូមិវាលធំ ឃុំគគីរធំ ស្រុកបារាយណ៍ រហូតដល់ព្រំប្រទល់ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម មានប្រវែងសរុប ៥.៥០គីឡូម៉ែត្រ និងបានផ្តល់
អនុសាសន៍ណែនាំឱ្យបញ្ចូលក្នុងផែនការ ឆ្នាំ២០២៤ ហើយរៀបចំតាមនិតិវិធីលទ្ធកម្មឱ្យបានឆាប់រហ័យដើម្បីធ្វើការស្ថាបនា ទៅជាផ្លូវក្រាលកៅស៊ូ២ជាន់នាចុងឆ្នាំ២០២៤នេះ ដើម្បីសម្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលនានា របស់ប្រជាពលរដ្ឋឱ្យមានការរីកចម្រើនកាន់តែខ្លាំងទ្បើង។

លោក តាន់ វាសនា ប្រធានមន្ទីរស្តីទីអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ បានបង្ហាញពីផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) ចំនួន០១ខ្សែ ប្រវែងសរុប ៤,៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួស ទទឹងម្ខាងៗ ០,៥ម៉ែត្រ និងសាងសង់លូមូលមុខបីចំនួន ០១កន្លែង លូមូលមុខពីរចំនួន ០៥កន្លែង និងផ្លាកឈ្មោះគម្រោងចំនួន ០២កន្លែង ចាប់ពីភូមិវាលធំ ទៅភូមិវាលស្ព័រ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំមាន (គម្រោងលេខ DRR-NC-2023-No.036) អនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ប្រើប្រាស់ថវិកាជំពូក២១៕