(ហាណូយ)៖ អគ្គនាយកដ្ឋានគ្រប់គ្រងនិងការពារ គ្រោះមហន្តរាយធម្មជាតិប្រទេសវៀតណាម បានឲ្យដឹងនៅថ្ងៃពុធនេះថា ព្យុះត្រូពិច Rai ជាព្យុះទីបួនហើយ ដែលបានវាយប្រហារ​មកលើប្រទេសវៀត​ណាមនៅក្នុងឆ្នាំនេះ ហើយបានបណ្តាលឲ្យមនុស្សចំនួន៣៤នាក់រងរបួស និងបង្កឲ្យមានការបាក់ដី កាលពីព្រឹកថ្ងៃអង្គារ។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

យោងតាមរបាយការណ៍ ដែលត្រូវបានចេញផ្សាយដោយ គេហទំព័ររបស់អគ្គនាយកដ្ឋានខាងលើ ឲ្យដឹងថាជនរងគ្រោះទាំងអស់ ត្រូវបានរាយការណ៍ថា ស្ថិតនៅតំបន់រួមមាន Nghe An, Ha Tinh, Quang Binh, Quang Tri, Thua Thien-Hue, Da Nang, និង Quang Ngai។ លើសពីនេះទៀត ព្យុះត្រូពិចមួយនេះ បានធ្វើឲ្យលំនៅដ្ឋានចំនួន២៥ខ្នងដួលរលំ និង៦៦៥ខ្នងផ្សេងទៀត​រងការខូតខាត ខណៈផ្ទះចំនួន១៧៥ខ្នង ជាមួយនឹងវាលស្រែទំហំ១០,៥០៥ហិកតាត្រូវបានជន់លិច ហើយសត្វចិញ្ចឹមចំនួន៣០០ក្បាលត្រូវបានសម្លាប់។ ទន្ទឹមគ្នានេះដែរ មជ្ឈមណ្ឌលជាតិ​ព្យាករណ៍វារីឧតុនិយម បានស្នើឲ្យមានវិធានការទប់ស្កាត់ ព្យុះទីហ្វុង Meranti ដែលអាចនឹងមកដល់ប្រទេសវៀតណាមក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ដែរថា ព្យុះទីហ្វុង Meranti នឹងបង្កើនល្បឿនដល់១៨៥-២០០គីឡូម៉ែត្រក្នុង/ម៉ោង នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ៕