(កំពង់ឆ្នាំ)៖ លោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចុះជួយឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រួមជាមួយ លោក ម៉ា សុវណ្ណា លោកស្រី ឡាវ វីរៈបុត្រ អនុប្រធានក្រុមការងារ និង លោក លោកស្រី សមាជិក សមាជិកា ជាច្រើនរូបទៀត បាននាំយកអំណោយជាសម្ភារៈសិក្សា និងថវិកាមួយចំនួនរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សិស្សានុសិស្សចំនួន៣២៣នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាស្រែឬស្សីចំនួន ២០០នាក់និងសាលាបឋមសិក្សាគីរីអភិវឌ្ឍន៍ ១២៣នាក់ ក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមអបអរសារទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ២០២៤។

ឆ្លៀតក្នុង ឱកាសនោះដែរ លោកស្រី ហូ សុវណ្ណិកា បានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ត្រូវចេះធ្វើអនាម័យខ្លួនប្រាណឲ្យបានល្អ ញាំទឹកស្អាត លាងសម្អាតដៃមុនញាំអាហារ និងក្រោយចេញពីបង្គន់ឱ្យបានស្អាត និងចេះស្រឡាញ់គ្នា យកអាសារគា្នទៅវិញទៅមក កុំឈ្លោះគ្នា ត្រូវយកចិត្តទុក្ខដាក់ស្តាប់លោកគ្រូ អ្នកគ្រូពន្យល់ បង្រៀនឱ្យបានល្អ ប្រឹងប្រែងរៀនសូត្រ និងស្តាប់ការអប់រំពីលោកឳពុកអ្នកម្តាយនៅផ្ទះ ដើម្បីក្លាយជាទំពាងស្នងឬស្សីនៅពេលអនាគត់ ដែលជាមូលធន់មនុស្ស ។ បន្ថែមពីនេះ សូមក្មួយៗកុំប្រឡែងគ្នាពេលធ្វើដំណើរមករៀន ចៀសវាងគ្រោះថ្នាកចរាចរ និងជៀសឲ្យឆ្ងាយពី គ្រឿងញៀនដែលសង្គមកំពុងតែស្អប់ខ្ពើម និងនាំឲ្យខូចអនាគត់ក្មួយៗ។

លោកស្រីក៏បានជួយឧបត្ថម្ភលោកគ្រូ អ្នកគ្រូ ចំនួន ៥០០០០ រៀលក្នុង  ម្នាក់ៗ និងលោកនាយកសាលាចំនួន ៨០០០០ រៀលក្នុងម្នាក់ៗ ព្រមទាំងបាន ថ្លែងអំណរអរគុណដល់លោកគ្រូ អ្នកគ្រូដែលបានជួយបង្រៀនសិស្សនៅទីនេះបានយ៉ាងល្អ ហើយក៏សូមអរគុណលោកនាយកសាលាទាំងពីរដែលបានជួយជ្រុំជ្រែងជួយកសាងសាលាឱ្យមានទីធ្លាបានស្អាតល្អប្រកបដោយអនាម័យ ផាសុខភាពក្នុងល្អ បរិវេនសាលា។

បើតាមលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ បានលើកឡើងថា ការប្រារព្ធទិវាកុមារអន្តរជាតិនេះ គឺមានសំខាន់ខ្លាំងណាស់ដល់សិស្សានុសិស្សក៏ដូចជាអាណាព្យាបាលឱ្យយល់ពីសារសំខាន់នៃសិទ្ធិរបស់កុមារ គឺទី១៖ សិទ្ធិរស់រានមានជីវិត, ទី២៖ សិទ្ធិទទួលបានកាអប់រំ, ទី៣៖ សិទ្ធិទទួលបាននៅការចូល និងទី៤៖ សិទ្ធិទទួលបាននៅការពារ។

ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏សូមថ្លែងអំណរអរគុណដល់លោកជំទាវហូ សុវណ្ណិកា ជាប្រធានក្រុមកាងារចុះជួយឃុំឈានឡើង ដែលបាននាំយកអំណោយជាសម្ភារសិក្សា និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនសិស្សានុសិស្សចំនួន៣២៣នាក់ដែលកំពុងសិក្សានៅសាលាចំនួនពីរ ក្នុងឃុំឈានឡើងផងដែរ។
 
ដោយឡែកលោក ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារចុះជួយឃុំឈានឡើង បានថ្លែងថា ក្រុមការងារចុះជួយឃុំឈានឡើងដែលដឹកនាំដោយលោកជំទាវ ហូ សុវណ្ណិកា ជាប្រធានក្រុមការងារចុះជួយឃុំឈានឡើង និងសមាជិកក្រុមកាងារទាំងអស់តែង ជួយប្រមែប្រមូលកៀងគរធនធានថវិកា និងសម្ភារ មកជួយ ឃុំនេះជាញឹកញាប់ ពិសេសដូចថ្ងៃនេះបានមករៀបចំកម្មវិធីអរសារទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ សម្រាប់ជានិមិ្មតរូបនៃការថែរក្សាកុមារឱ្យមានសុខភាពល្អ និងទទួលបានការសិក្សាដើម្បីជាទំពាំស្នងឫស្សី នាពេលអនាគត់របស់ប្រទេសជាតិ ព្រោះថា ប្រទេសជាតិត្រូវការធនធានមនុស្សដ៏រឹងមាំ និងមានសមត្ថភាពដើម្បីបន្តវេន។
 
លោក ម៉ា សុវណ្ណា ក៏បានលើកឡើងថា ទិវាកុមារអន្តរជាតិ ១ មិថុនានេះ គឺជាប្រទីបមួយសម្រាប់ដាស់តឿនដល់ពុក ម៉ែ បង ប្អូនដែលជាមាតា បិតា សិស្សឱ្យបានដឹងថាថ្ងៃនេះ គឺទិវាសិទ្ធកុមារអន្តរជាតិ ១ មិថុនា ជាថ្ងៃគោរពសិទ្ធិរបស់កុមារ កុមារមានសិទ្ធិចូលរៀនពេលលេញ ដើម្បីទទួលបានចំណេះដឹងជាមូលដ្ឋានសម្រាប់រៀបចំអនាគតផ្ទាល់ខ្លួន ក៏ដូចជាប្រទេសជាតិផងដែរ។ ព្រោះកាអភិវឌ្ឍន៍ប្រទេជាតិត្រូវការមូលធនមនុស្សដ៏រឹងមាំ ដើម្បីជួយជ្រោមជ្រែងប្រទេស និងអភិវឌ្យប្រទេសឱ្យក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយមហិចតារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកបានបន្តថា សម្រាប់ផែការនៅឆ្នាំក្រោយៗទៀត ក្រុមការងារនឹងបន្តធ្វើនៅតាមសាលាផ្សេងៗទៀត ទៅតាមផែនការដែលបានកៀងគររកសប្បុរសជននានា ដើម្បីមានលទ្ធភាពបន្តការៀបចំជួយដល់សិស្សានុសិស្សនិងសាលារៀនដែលមានការខ្វះខាតរបង និងឧបករណ៍សិក្សាផ្សេងៗទៀត ។
 
លោក ម៉ា សុវណ្ណា បានបញ្ជាក់ថា ក្រុមកាងារចុះជួយស្រុកសាមគ្គីមានជ័យ មិនត្រឹមតែបានជួយលើផ្នែកអប់រំនោះទេ រយៈពេលកន្លងមកនៅពេលប្រទេសកម្ពុជា ជួបគ្រោះរាំស្ងួត ក្រុមការងារបានប្រឹងប្រែងស្តារ អាងទឹកដ៏ធំមួយក្នុងសហគមន៍គីរីអភិវឌ្ឍន៍នេះសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ផង ដែរ។ ហើយអាចម៌ដីដែលបានស្តារអាងទឹកនេះ  គឺបានយកមកចាក់បំពេញនៅក្នុងទីធ្លាសាលារៀនគីរីអភិវឌ្ឍន៍ ដោយក្រុមកាងារបានរៀបចំដាំដើមឈើនាខែក្រោយ ដើម្បីជាម្លប់ទៅដល់សិស្សានុសិស្សទាំងអស់ បានរត់លេង ហាត់កីឡារ ដើម្បីសុខភាពនិងធ្វើជាសួនលំអរបន្ថែមទៀតផងដែរ។

ក្នុងនាមក្រុមការងារ លោក សូមគោរពថ្លែងអំណរអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់នូវអំណោយក៏ដូចជាសម្ភារៈសិក្សា ព្រមទាំងថវិកាមួយចំនួន ដើម្បីឱ្យក្រុមកាងារបាននាំមកចែកជូនដល់សិស្សានុសិស្ស និងសូមថ្លែងអំណរគុណដល់ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែជួយជ្រោមជ្រែងដល់ក្រុមការងារ និងអនុញ្ញាតឲ្យក្រុមការងារមានឧកាសមកជួយកសាង និងអភិវឌ្ឍន៍ឃុំឈានឡើងនេះ ។ ក្រៅពីនេះលោកក៏សូមថ្លែងអំណរអរគុណដល់សប្បុសជននានា និងក្រុមកាងារដែលជួយសិស្សានុស្សានុសិស្សដែលកំពុងសិក្សា ដែលបានជួបការខ្វះខាតកន្លងមកផងដែរ។
 
សូមជម្រាបជូនថា សាលាបឋមសិក្សាចំនួនពីរ ដែលទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមការងារចុះជួយឃុំឈានឡើង ទី១៖ សាលាបឋមសិក្សាស្រែឫស្សី និងទី២៖ សាលាបឋមសិក្សាគីរីអភិវឌ្ឍន៍៕