(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា គ្មានមន្រ្តីក្រសួងបរិស្ថានណាម្នាក់គេងលក់ស្រួលឡើយ ខណៈដែលប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្រ្តីមេម៉ាយ ដែលជាជនងាយរងគ្រោះនៅតាមតំបន់ការពារធម្មជាតិទទួលរងហានិភ័យបណ្តាលមកពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើផលដំណាំរបស់ពួកគេ។

ការថ្លែងបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព បើកវេទិកាថ្នាក់ជាតិស្តីពី «កាេធានាសុវត្ថិភាព និងសុខភាពការងារក្នុងបរិបទការប្រែប្រួលអាកាសធាតុ សម្រាប់កម្មករ-កសិករជាស្ត្រី ក្នុងវិស័យកសិ-ស្បៀងអាហារ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត យល់ច្បាស់អំពីបញ្ហានេះ ក៏ព្រោះថា លោកធ្លាប់ឆ្លងកាត់ជិវិតជាកូនកំព្រាឪពុក ក្រីក្រ និងមានម្តាយជាស្រ្តីមេម៉ាយជាអ្នករកចំណូលទ្រទ្រង់ជីវភាព ហើយត្រូវបានចោរលួចប្រាក់អស់ទៀត។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទូច និងស្នើឱ្យមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ ដែលមានទាំងស្ថាប័នរដ្ឋ និងអង្គការដៃគូអន្តរជាតិ រួមទាំងវិស័យឯកជនទាំងអស់ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងការទ្រទ្រង់ជីវភាព ហើយចាំបាច់ត្រូវតែធ្វើឱ្យប្រជាសហគមន៍ កសិករក្រីក្រមានភាពឯករាជ្យ និងម្ចាស់ការ។

ក្នុងន័យនេះ គ្រប់គម្រោងអភិវឌ្ឍទាំងអស់ត្រូវតែបង្រៀនឱ្យប្រជាពលរដ្ឋចេះរស់ ចេះរកលុយបានដោយខ្លួនឯង កុំឱ្យពួកគេរស់ដោយសារការសុំជំនួយពីអ្នកដទៃ ជាក់ស្តែងក្នុងរយៈពេលជាង ២៨០ថ្ងៃ របស់លោករដ្ឋមន្រ្តី បានដាក់ចេញនូវគម្រោងគោលដៅលំហែបៃតង នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលគម្រោងនេះ ក្រសួងបរិស្ថានបានសាង់សង់កន្លែងលំហែកំសាន្ត ដែលមានចរិកលក្ខណៈ និងរចនាបទជាខ្មែរ នៅក្នុងសហគមន៍មូលដ្នានតំបន់ការពារធម្មជាតិ ដើម្បីឱ្យប្រជាសហគមន៍អាចរកប្រាក់ចំណូលបាន នឹងកែប្រែ មុខរបរពួកគេពីការចូលព្រៃកាប់ឈើ បាញ់សត្វ រកអនុផលព្រៃឈើ មកជាការផ្តល់សេវាកម្មទេសចរណ៍ ផលិតផលកសិកម្មវិញ។

នេះគឺជាភាពជោគជ័យ និងនិរន្តភាពនៃគម្រោងអភិវឌ្ឍ ដែលបានបង្រៀនប្រជាពលរដ្ឋឱ្យចេះពីរបៀបរកត្រី និងរក្សាត្រីឱ្យកើត ត កពូនសម្រាប់ទ្រទ្រង់ជីវភាព មិនមែនយកតែត្រីឱ្យនោះទេ។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងវេទិកាថ្នាក់ជាតិស្តីពី ការធានាសុវត្ថិភាពការងារ ក្នុងបរិបទការប្រែប្រួលអាកាសធាតុសម្រាប់កម្មករ កសិករជាស្រ្តី ក្នុងវិស័យកសិកម្មស្បៀងអាហារ នាថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំនៃសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ៕