(ភ្នំពេញ)៖ ស្ថានភាពនៅក្នុងប្រទេសម៉ាលី បានរុញច្រានឱ្យកងទ័ពមួកខៀវ ដែលកំពុងប្រតិបត្តិរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ត្រូវដកចេញពីប្រទេសនេះជាបន្តបន្ទាប់ ពោលគឺបន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានវាយប្រហារមិនថាមូលដ្ឋាន ឬកងទ័ពរបស់អង្គការសហប្រជាជាតិដែលឈរជើងនៅក្នុងប្រទេសនេះ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីអំឡុងជំនួបជាមួយកម្មករជាង ១ម៉ឺននាក់ នៅក្នុងខេត្តកំពង់ចាម កាលពីថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ បានសម្រេចបញ្ជាឱ្យដកទ័ពមួកខៀវកម្ពុជា និងកម្ទេចចោលសម្ភារៈទ័ពទាំងអស់ នៅម៉ាលីចេញ តាមការស្នើរបស់អង្គការសហប្រជាជាតិ។

ជាក់ស្តែងនារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ កងម្លាំងមួកខៀវកម្ពុជាចំនួន ៦នាក់បន្ថែម បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព។

ពិធីទទួលកងកម្លាំងមួកខៀវកម្ពុជា បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (VIP)។

នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់ប្រទេសកំណើតរបស់កម្លាំងទាំង ៦រូប និងពាំនាំពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រួមទាំងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ផងដែរ។

លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា កងកម្លាំងទាំង៦រូប ដែលបានចូលរួមក្នុងបេសកកម្មស្វែងរកសុខសន្តិភាព ជូនប្រទេសដែលកំពុងជួបវិបត្តិ គឺជាការលះបង់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេស បាននាំមកនូវកេរ្តិ៍ឈ្មោះជូនរាជរដ្ឋាភិបាល និងប្រទេសជាតិផងដែរ។ កម្ពុជា ជាប្រទេសធ្លាប់ទទួលអាជ្ញាធរជាតិបណ្តោះអាសន្ន ហៅកាត់អ៊ុនតាក់ (UNTAC) បានកែប្រែខ្លួនមកជាប្រទេសបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ យ៉ាងសកម្ម និងបានទទួលការកោតសរសើរជាច្រើនពីអន្តរជាតិ។

លោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានបន្ថែមថា ខណៈពេលដែលកម្លាំងយើងត្រឡប់មកវិញ លោកក៏សង្ឃឹមថាកម្លាំងទាំងអស់នឹងបន្តស្វ័យសិក្សាដោយខ្លួនឯង បង្កើនចំណេះជំនាញពិសេសភាសាបរទេស ដើម្បីប្រសិទ្ធភាពនៃការចូលរួមបេសកកម្មបន្តទៀតនាពេលអនាគត។ លោកឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះកងកម្លាំងទាំង ៦រូប ដែលបានបំពេញបេសកកម្មដោយជោគជ័យ និងបានជូនពរជួបប្រទះតែសំណាងល្អ សុខភាពល្អ ជួបជុំគ្រួសារប្រកបដោយសុភមង្គល។

គួរបញ្ជាក់ផងដែរថា កងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងឈរជើងនៅសាធារណរដ្ឋម៉ាលី មានចំនួន៦នាក់ទៀត ដែលនឹងធ្វើមាតុភូមិនិវត្តមកកាន់ប្រទេសកំណើតនាខែមិថុនាខាងមុខនេះ៕