(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺបន្ថែម ជុំវិញកាតព្វកិច្ចពន្ធ និងអាករនាំចូលលើមុខទំនិញទូរសព្ទ។

ទន្ទឹមនឹងមតិយោបល់ចម្រុះរបស់សាធារណជនលើករណីការចុះចាប់និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) កត់សម្គាល់មានចម្ងល់របស់សាធារណជនពាក់ព័ន្ធកាតព្វកិច្ចពន្ធនិងអាករនាំចូលលើទូរសព្ទប្រភេទ «Nokia ចុចពិល» ដោយមានការលើកឡើងថាទំនិញនេះត្រូវបង់ពន្ធ និងអាករនាំចូលដល់ទៅ ៩៣ ដុល្លារអាមេរិកក្នុងមួយគ្រឿង។

ពាក់ព័ន្ធនឹងការលើកឡើងនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមជម្រាបថា មុខទំនិញទូរសព្ទមានពន្ធ និងអាករនាំចូល១៥,៥% ហើយកន្លងមក ការប្រកាសនាំចូលដោយក្រុមហ៊ុនមួយ មានតម្លៃ ៥ USD/គ្រឿង។ ហេតុដូច្នេះ ពន្ធនិងអាករដែលត្រូវបង់គឺ ៥ x ១៥,៥% = ០,៧៧៥ USD/គ្រឿង តែប៉ុណ្ណោះ មិនមែន ៩៣ដុល្លារអាមេរិកដូចមានការលើកឡើងមួយចំនួនឡើយ៕