(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងខណៈដែលបញ្ចប់ភារកិច្ចនៅកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា បេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូតនៅកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ និងមកដល់ពេលនេះប្រមាណ៦ឆ្នាំហើយ, លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានរំលេចអំពីស្នាដៃរបស់លោកឯកអគ្គរដ្ឋទូតដែលបានចូលរួមវិភាគទានជាច្រើនក្នុងការលើកកម្រិតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចាប់ពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយទៅជាសហគមន៍វាសនារួម កម្ពុជា-ចិន និងបច្ចុប្បន្ននេះវិវឌ្ឍជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាង សហគមន៍ វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់និងស្តង់ដាខ្ពស់។

នៅក្នុងអាណត្តិបំពេញការងារការទូតរបស់លោកឯកអគ្គរដ្ឋទូត សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលសម្រេចបានពីហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា-ចិន ជាអាទិ៍ ពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃ និងស្រស់ស្អាត, មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈដ៏ទំនើប, ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនទី១ នៅកម្ពុជា, អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ, សាលារៀន, ស្ពាន, ផ្លូវ, ប្រព័ន្ធធារាសាស្ត្រ និងកិច្ចសហប្រតិបត្តិការ ជាច្រើន ផ្សេងទៀត។

សំខាន់ជាងគេបំផុត ឯកអគ្គរដ្ឋទូតបានរួមចំណែកយ៉ាងសកម្មចំពោះ ការ ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់មិត្តចិន ដែលជាបង្អែកយុទ្ធសាស្ត្រក្នុងការ ជួយសង្គ្រោះ ជីវិត ប្រជាជន កម្ពុជា និង ធ្វើឱ្យកម្ពុជាអាច បង្កើត បាននូវភាពស៊ាំ សហគមន៍ រឹងមាំ និងបើកប្រទេស ព្រមទាំងស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់ និងមុនគេមួយ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម និង ជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានបន្តថា ចិន និងកម្ពុជា គឺជាមិត្តដែកថែប ដែលនេះ គឺជាកិត្តិយសណាស់ សម្រាប់លោកក្នុងការបំពេញ តួនាទី ជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលបានជួយគាំទ្រ និងផ្តល់ កិច្ចសហការ យ៉ាង ល្អជាមួយ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងស្នើសុំលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បន្តជួយ គាំទ្រ ទៀត នៅក្នុងអាណត្តិ បេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូតថ្មី ដែលនឹងមកបំពេញភារកិច្ចនៅកម្ពុជាក្នុងពេល ឆាប់ៗខាងមុខ។

ជាមួយនឹងការថ្លែងកោតសរសើរចំពោះស្នាដៃរបស់លោកឯកអគ្គរដ្ឋទូត, លោកអគ្គបណ្ឌិតសភាចារ្យ បានសម្តែងនូវការរីករាយក្នុងការរង់ចាំស្វាគមន៍ និងបន្តកិច្ចសហ-ប្រតិបត្តិការជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មី ព្រមទាំងសង្ឃឹមជឿជាក់ថា កម្ពុជា-ចិន នឹងទទួលបានសមិទ្ធផលជាផ្លែផ្កាច្រើនទៀតពី កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងបានជូនពរលោក វ៉ាង វិនធាន (Wang Wentian) មានសុខភាពល្អ និងទទួលបានជោគជ័យបន្ថែមទៀតទាំង ក្នុងអាជីពការងារ និងជីវិតឯកជន ព្រមទាំង សង្ឃឹមថានឹងមានឱកាសជួបគ្នា និងបំពេញកិច្ចការងារជាមួយគ្នាក្នុងក្របខណ្ឌណាមួយ នៅថ្ងៃខាងមុខ៕