(កំពង់ធំ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង អញ្ជើញទៅពិនិត្យគុណភាព និងស្ថានភាពផ្លូវជនបទ១ខ្សែ ស្ថិតនៅក្នុងឃុំគគីរ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ខ្សែផ្លូវមួយខ្សែនេះមានប្រវែងសរុប ១៨ ០០០ម៉ែត្រ តភ្ជាប់ពីភូមិពង្រលីង ឃុំក្រវា ទៅដល់ភូមិត្រពាំងសង្កែ ឃុំគគីរធំ ស្រុកបារាយណ៍ដែលផ្លូវនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានលើកគម្រោងស្ថាបនាជាគម្រោងពហុឆ្នាំ ដោយប្រើប្រាស់ថវិកាជាតិសម្រាប់ការកសាងប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ១២ ៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយក្រួសទទឹង០,៥ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យមួយចំនួន។

ដោយឡែក ផ្លូវដែលនៅសល់មិនទាន់ស្ថាបនាមានប្រវែង ៥,៥គ.ម.ទៀត។ ក្នុងឱកាសចុះត្រួតពិនិត្យដោយផ្ទាល់នេះ លោករដ្ឋមន្ដ្រីបានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពន្លឿននីតិវិធីក្នុងការសាងសង់នៅចុងឆ្នាំនេះ ដោយអនុវត្តស្របតាមបទដ្ឋានគតិយុត្ត និងលក្ខណៈបច្ចេកទេសដែលមានជាធរមាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទៅទទួលសេវាសាធារណៈ និងការដឹកជញ្ជូនកសិផលនានា។

នារសៀលថ្ងៃដដែល លោក ឆាយ ឫទ្ធិសែន ដោយមានការចូលរួមពីសំណាក់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងប្រតិភូអមដំណើរ បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបសរុបចំនួន ៤៥នាក់ ស្រីចំនួន ៦នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍ដោយលោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងមតិស្វាគមន៍យ៉ាងកក់ក្ដៅដោយលោកអភិបាលរងខេត្តសៀមរាបរួចមក លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែលខេត្តសម្រេចបានជាបន្ដបន្ទាប់ក្រោមម្លប់សន្ដិភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លូនសម្រេចបានគួរជាទីមោទន ជាពិសេសកិច្ចអន្ដរាគមន៍ក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសបានជួបប្រទះនឹងបញ្ហាកង្វះទឹកប្រើប្រាស់ និងបរិភោគដោយសារការប្រែប្រួលអាកាសធាតុ។

ជាមួយនេះ លោករដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដូចខាងក្រោម៖

* ត្រូវបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

* មន្ដ្រីរាជការគ្រប់រូបត្រូវវខិតខំបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ និងប្រធានអង្គភាព ជាពិសេសអនុវត្តតាមអនុសាសន៍
របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងកិច្ចសហការល្អជាមួយមន្ទីរជំនាញ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍នានា។

* មន្ទីរត្រូវខិតខំអនុវត្តជំរុញការអភិវឌ្ឍ ស្រង់ទិន្នន័យ វាយតម្លៃ និងជ្រើសរើសភូមិគំរូ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ។

* ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក និងការបែងចែកភារកិច្ចប្រកបដោយតម្លាភាព សមភាព និងយកចិត្តទុកបំពេញការអនុវត្តការងារដែលក្រសួងបានដាក់ចេញ៕