(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាដល់សមាគមសិល្បករខ្មែរ ក្នុងមួយឆ្នាំ១០ម៉ឺនដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ។

ការប្រកាសបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញ​ជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដើម្បីគាំទ្រដល់ដំណើរការ ខ្ញុំសូមចូលរួមជួយសមាគមសិល្បករខ្មែរ ក្នុងរយៈពេល៥ឆ្នាំ មួយឆ្នាំ១០ម៉ឺនដុល្លារផងដែរ»។ បន្ថែមពីនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏សម្រេចឲ្យបង្កើតមូលនិធិជួយដល់ទម្រង់សិល្បៈណា ដែលមានហានិភ័យនៅក្នុងការបាត់បង់ ដើម្បីអាចជួយដល់ទ្រទ្រង់ សំដៅពង្រឹងឡើងវិញ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានយល់ព្រមធ្វើជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិទ្រទ្រង់មរកតសិល្បៈដែលប្រឈមការបាត់បង់។

ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមជឿជាក់ថា សប្បុរសជនទាំងអស់នឹងបន្ដចូលរួមគាំទ្រសិល្បៈខ្មែរនៅគ្រប់ទម្រង់ទាំងអស់ តាមលទ្ធភាពដែលអាចធ្វើទៅបាន និងគ្រប់រូបភាព។

សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរ បានបង្កើតឡើងនៅឆ្នាំ២០០៦ មកដល់​ពេល​នេះ​មានរយៈពេល ១៧ឆ្នាំមកហើយ ក្រោមការផ្តួចផ្តើមគំនិតពីក្រុមសិល្បករ​រៀម​ច្បង។ គិតមកដល់ពេលនេះមានរយៈពេល៦អាណត្តិហើយ ក្នុងនោះអាណត្តិទី១ ដឹកនាំដោយលោក អៀង ស៊ីធុល, អាណត្តិទី២ ដឹកនាំដោយ លោក មិញ សុធីវណ្ណ, អាណត្តិទី៣ និងទី៤ ដឹកនាំដោយដោយលោក សុះ ម៉ាច និងអាណត្តិទី៥ ដោយលោកស្រី ចន ច័ន្ទលក្ខិណា។

បន្ទាប់ពីជាប់ឆ្នោតដឹកនាំសមាគមសិល្បករខ្មែរអាណត្តិទី៦ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ អ្នក​ឧកញ៉ា ម៉ៅ ចំណាន បានធ្វើសកម្មភាពជាច្រើនក្នុងការ​រៀប​ចំរចនាសម្ព័ន្ធដឹកនាំសមាគមឱ្យបានល្អប្រសើរ។

ត្រឹមតែរយៈពេល៣សប្តាហ៍ប៉ុណ្ណោះ សមាគមបានខិតខំប្រឹងប្រែងរៀបចំ​ទីស្នាក់ការ​សមា​គម​ឱ្យបានសមរម្យ ដើម្បីជាមូលដ្ឋានរដ្ឋបាលសម្រាប់ឱ្យសិល្បករ ដែលជាសមា​ជិក​អចិន្ត្រៃយ៍របស់សមាគមមានទីកន្លែងបំពេញការងាររបស់ខ្លួន៕