(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានបង្កើតមូលនិធិមួយ ដើម្បីជួយជ្រោមជ្រែងជំរុញ និងអភិរក្សសិល្បៈដែលរងនូវហានិភ័យ ឬប្រឈមនឹងការបាត់បង់។ ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន ស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិល្បករ សិល្បការិនី រួមគ្នាឲ្យបានខ្លាំងក្លា ដើម្បីថែរក្សាទម្រង់សិល្បៈបុរាណកុំឱ្យបាត់បង់។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញ​ជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក» នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កន្លងមកបានខិតខំធ្វើកិច្ចការងារជាច្រើន ប៉ុន្ដែដោយសារតែមានកត្តាមួយចំនួនរួមមាន កត្តាទីផ្សារ ការមិនចាប់អារម្មណ៍ពីសាធារណជន បានធ្វើឲ្យមានហានិភ័យមួយចំនួន។ ដូច្នេះដើម្បីពិនិត្យលទ្ធភាពលើកត្តាទាំងនេះ ខ្ញុំបានសម្រេចបង្កើតមូលនិធិមួយរបស់ខ្ញុំ ដើម្បីចូលរួមជាមួយការអភិរក្សនូវសិល្បៈទម្រង់ ដែលមានហានិភ័យខ្ពស់ ដើម្បីបន្ដថែរក្សាបន្ដទៅទៀត»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ក្នុងន័យនេះដើម្បីជំរុញលើកទឹកចិត្ត ផ្ដល់លទ្ធភាព ជាពិសេសផ្ដោតលើទម្រង់ដែលផ្ដល់ហានិភ័យ ហើយចំពោះទម្រង់ដែលអាចរីកចម្រើនបាន ទម្រង់សិល្បៈដែលរស់រវើក យើងនឹងខិតខំជំរុញច្នៃប្រឌិតបន្ដទៀត ប៉ុន្ដែទម្រង់ដែលផ្ដល់ហានីភ័យបាត់បង់ ឬទម្រង់ខ្លះដែលត្រូវបានបាត់បង់ មួយរយៈខ្លីដូចល្ខោនស្រមោលទ័យ ត្រូវសិក្សាស្រាវជ្រាវ ចង់ក្រងឡើងវិញ ដើម្បីធ្វើយ៉ាងណាចង់ក្រងទុកផ្សព្វផ្សាយ ដល់យុវជនជំនាន់ក្រោយបានស្គាល់។

សម្ដេចធិបតីបានថ្លែងបន្ដថា «ខ្ញុំពិតជាមានក្ដីសប្បាយរីករាយ ដោយឃើញភាពរីកចម្រើនជាច្រើនវិស័យ ក្នុងនោះសិល្បៈករ សិល្បៈការិនី បានដើរតួនាទីសំខាន់ណាស់ ក្នុងការជួយថែរក្សាសិល្បៈវប្បធម៌។ ក្នុងនោះខ្ញុំសូមធ្វើការចាប់អារម្មណ៍បន្ដិចថា ទន្ទឹមនឹងការរីកចម្រើនរបស់សិល្បៈច្រើនទម្រង់ ប៉ុន្ដែក្នុងនោះទម្រង់សិល្បៈខ្លះ ត្រូវប្រឈមនឹងការបាត់បង់ ដោយសារកត្តាខ្វះទីផ្សារ ឬកត្តាខ្វះអ្វីមួយ ជាក់ស្ដែងដូចល្ខោនយីកេ, ល្ខោននិយាយ កំពុងមានកម្រិតទាប»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា «នៅពេលវិស័យផ្សេងៗមានការរីកចម្រើន ក្នុងនោះឃើញថា ក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ ក្នុងនោះខ្ញុំសូមថ្លែងអំណរគុណ ចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំស្រាវជ្រាវ ចង់ក្រង់ និងដាក់ឲ្យផ្សព្វផ្សាយ ឬសម្ដែងសិល្បៈល្ខោននិយាយ ល្ខោនយីកេ ប៉ុន្ដែការប្រើប្រាស់ និងការផ្សព្វផ្សាយនៅមានកម្រិតនៅឡើយ។ ទន្ទឹមនឹងការបង្កើតថ្មី និងការអភិវឌ្ឍន៍ ព្រមទាំងការអភិវឌ្ឍន៍ នូវអ្វីដែលកំពុងមានរួមទាំងការចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី និងបេតិកភណ្ឌពិភពលោក ដើម្បីមនុស្សជាតិ ដើម្បីពិភពលោកបានដឹងអំពីអរិយធម៌ដ៏រុងរឿងរបស់កម្ពុជា ដូច្នេះសូមចូលរួមគ្នាថែរក្សា»