(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ភរិយារបស់សម្តេច គឺលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានយល់ព្រមធ្វើជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិ ទ្រទ្រង់មរកតសិល្បៈដែលប្រឈមការបាត់បង់។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាគមសិល្បករខ្មែរ នារាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចបានបញ្ចុះបញ្ចូលភរិយា រហូតបានយល់ព្រមធ្វើជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិទ្រទ្រង់មរកតសិល្បៈដែលប្រឈមការបាត់បង់។
បើតាមសម្ដេចធិបតី, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពិតជាមានចិត្តស្រឡាញ់វិស័យសិល្បៈ មរតកវប្បធម៌ខ្មែរ។
សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរ បានបង្កើតឡើងនៅឆ្នាំ២០០៦ មកដល់ពេលនេះមានរយៈពេល ១៧ឆ្នាំមកហើយ ក្រោមការផ្តួចផ្តើមគំនិតពីក្រុមសិល្បកររៀមច្បង។ គិតមកដល់ពេលនេះមានរយៈពេល៦អាណត្តិហើយ ក្នុងនោះអាណត្តិទី១ ដឹកនាំដោយលោក អៀង ស៊ីធុល, អាណត្តិទី២ ដឹកនាំដោយ លោក មិញ សុធីវណ្ណ, អាណត្តិទី៣ និងទី៤ ដឹកនាំដោយដោយលោក សុះ ម៉ាច និងអាណត្តិទី៥ ដោយលោកស្រី ចន ច័ន្ទលក្ខិណា។
បន្ទាប់ពីជាប់ឆ្នោតដឹកនាំសមាគមសិល្បករខ្មែរអាណត្តិទី៦ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ អ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើសកម្មភាពជាច្រើនក្នុងការរៀបចំរចនាសម្ព័ន្ធដឹកនាំសមាគមឱ្យបានល្អប្រសើរ។
ត្រឹមតែរយៈពេល៣សប្តាហ៍ប៉ុណ្ណោះ សមាគមបានខិតខំប្រឹងប្រែងរៀបចំទីស្នាក់ការសមាគមឱ្យបានសមរម្យ ដើម្បីជាមូលដ្ឋានរដ្ឋបាលសម្រាប់ឱ្យសិល្បករ ដែលជាសមាជិកអចិន្ត្រៃយ៍របស់សមាគមមានទីកន្លែងបំពេញការងាររបស់ខ្លួន។
សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគម និងអ្នកឧកញ៉ាជាប្រធានសមាគម ក៏បានពិភាក្សារៀបចំសមាសភាព គណៈកម្មការប្រតិបត្តិ និងបទបញ្ជាផ្ទៃក្នុង និងបានធ្វើការប្រជុំជាញឹកញាប់អំពីផែនការជាទស្សនវិស័យ និងចក្ខុវិស័យរបស់សមាគម។ មិនត្រឹមតែប៉ុណ្ណោះ សមាគមថែមទាំងបានអញ្ជើញសិល្បករគ្រប់ទម្រង់ជាច្រើនរូបដែលសុទ្ធសឹងជាសិល្បករដែលមានបទពិសោធន៍យូរឆ្នាំមកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកគន្លឹះសំខាន់ៗដើម្បីជាធាតុចូលក្នុងការគ្រប់គ្រងដឹកនាំសមាគម និង ពិនិត្យភាពអវិជ្ជមានផ្សេងៗដើម្បីធ្វើការកែទម្រង់៕