(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេចកំពុងឱ្យរៀបចំការប្រកួតក្បាច់គុនចម្រុះរបស់ខ្មែរ ដែលអាចប្រើក្បាច់គុនខ្មែរនានាក្នុងការប្រកួត ដូចរបៀបរបបប្រកួតក្បាច់គុនចម្រុះ MMA។ សម្តេចធិបតី បានអះអាងថា ការធ្វើបែបនេះ ដើម្បីគាស់រំលើងក្បាច់គុនខ្មែរ ដែលមានច្រើនទម្រង់នោះ ឱ្យត្រូវបានស្គាល់ឡើងវិញ។

ថ្លែងនៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញ​ជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញអ្នកសិល្បៈចេះកែច្នៃទម្រង់សិល្បៈរបស់ខ្មែរឱ្យទាន់សម័យ និងរស់រវើក មិនត្រូវចាំតែចម្លងពីគេនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ផ្តើមចេញពីការមើលភាពយន្តចិនក្បាច់គុនកុងហ្វូ នាំឱ្យសម្តេចចងក្រងបង្កើតក្បាច់គុនកងទ័ព ដែលមានទាំងល្បុក្កតោ គុនខ្មែរ និងយុទ្ធគុនខម។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃមួយ ខ្ញុំមកពីប្រជុំក្រៅប្រទេស ខ្ញុំមើលកុនចិន ឃើញទ័ពហាត់ក្បាច់គុនកុងហ្វូ។ អីចឹងខ្ញុំគិតថា ចុះកម្ពុជាយើង មានល្បុក្កតោ មានក្បាច់គុនមួយចំនួន ដើម្បីជំរុញច្រើន ជាពិសេស ចូលក្នុងកងទ័ព។ យើងផ្គុំ៣ រួមមាន៖ ល្បុក្កតោ គុនខ្មែរ និងយុទ្ធគុនខម យើងផ្សំជាឯកសារនេះឡើង ហើយឯកសារនេះមិនអាចរស់បានទេ បើគ្មានផែនការនៅក្នុងការជំរុញអនុវត្ត បានយើងបានដាក់ឱ្យអនុវត្ត នៅក្នុងកងទ័ពតែម្តង»

សម្តេចបានបន្តថា «ឥលូវយើងមានការថែរក្សាសមាគមច្រើនណាស់ ល្បុក្កតោ គុនខ្មែរ និងយុទ្ធគុនខម [...] ថ្ងៃមុនខ្ញុំជជែកជាមួយឯកឧត្តម ថោង ខុន ថាក្បាច់គុនខ្មែរមិនមែនមានតែប៉ុណ្ណឹងទេ អីចឹងត្រូវរកវិធីគាស់ឡើងវិញ ដើម្បីរៀបចំថែរក្សា ទោះបីជាមិនមានអ្នកហ្វឹកហ្វឺនច្រើន ក៏ដោយ ត្រូវថែរក្សាចងក្រង។ កំពុងតែរៀបចំ គិតគូរអំពីការប្រកួតក្បាច់គុនចម្រុះ គេមាន MMA ដែលអាចយកក្បាច់គុននានាទៅប្រកួតបាន តែយើងកំពុងរៀបចំការប្រកួតមួយ គឺសេរី ចម្រុះ តែអនុញ្ញាតឱ្យប្រើតែក្បាច់គុនខ្មែរទេ»

បើតាមប្រសាសន៍សម្តេចធិបតី ការហ្វឹកហ្វឺនសិល្បៈមិនមែនធ្វើតែនៅសាលាវិចិត្រសិល្បៈ គឺអាចធ្វើនៅគ្រប់កន្លែង។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកសមាគមសិល្បករខ្មែរ ជាដៃគូមួយរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាមរតកវប្បធម៌ សិល្បៈរបស់ខ្មែរ។ សម្តេចធិបតី ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែររួមគ្នាថែរក្សាការពារ វប្បធម៌ សិល្បៈខ្មែរ៕