(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានស្នើសមាគមសិល្បករខ្មែរ ត្រូវសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញក្រមសីលធម៌ នៃអ្នកសិល្បៈ។

ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គី ជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក» នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សមាគមសិល្បករខ្មែរ ត្រូវធ្វើការសហការឲ្យបានជិតស្និទ្ធ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញនូវក្រមសីលធម៌ នៃអ្នកសិល្បៈ ព្រមទាំងបង្កើតនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ ដើម្បីធ្វើជាយន្តការសម្របសម្រួល ជាមួយសមាគម និងអ្នកសិល្បៈគ្រប់ៗរូប»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងវិស័យសិល្បៈវប្បធម៌ សិល្បករ គឺជាគំរូ, ជាតួអង្គ ដែលមានឥទ្ធិពល ទៅលើមជ្ឈដ្ឋានផ្សេងៗ, ជាពិសេស ឧបករណ៍ផ្សព្វផ្សាយ តាមរយៈការសម្តែងដោយផ្ទាល់ ឬមិនផ្ទាល់។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការរក្សាបាននូវតម្លៃសិល្បៈវប្បធម៌ជាតិ និងតម្លៃផ្ទាល់ខ្លួន របស់សិល្បករ គឺពិតជាអាស្រ័យ លើសេចក្តីសម្រេចផ្ទាល់ ដែលជាការសម្រេចចិត្តត្រឹមត្រូវ នឹងទទួលបានការគាំទ្រ ពីសាធារណជន រីឯការសម្រេចចិត្តមិនត្រឹមត្រូវ នឹងទទួលរងនូវសម្ពាធសង្គម។

សូមជម្រាបថា កម្មវិធីជួបជុំទ្រង់ទ្រាយធំ ​និងមហោឡារិក ខាងលើនេះ រៀបចំឡើងដោយសមាគមសិល្បករខ្មែរ មានការអញ្ជើញចូលរួមពីសិល្បករ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកជំនួញ សរុបជិត ៣០០០នាក់។

កម្មវិធីជួបជុំនេះ កើតមានឡើងបន្ទាប់ពីសមាគម ទើបនឹងបោះឆ្នោតឆ្នោតជ្រើសតាំង​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បករខ្មែរ ​សម្រាប់​អាណត្តិទី៦ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ៕