(ភ្នំពេញ)៖ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងថា សមាគមបានដាក់ចេញផែនការសកម្មភាពសម្រាប់អាណត្តិទី៦ ចំនួន៥ចំណុច ក្នុងគោលបំណងអភិរក្ស អភិវឌ្ឍ និងលើកស្ទួយវប្បធម៌សិល្បៈជាតិខ្មែរ សមាគមសិល្បករខ្មែរ មានចក្ខុវិស័យក្នុងការ រួបរួមគ្នារបស់សិល្បករខ្មែរដើម្បីជំរុញ និងលើកកម្ពស់កិត្យានុភាពសិល្បៈវប្បធម៌ជាតិ។

ថ្លែងនៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញ​ជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន បានឱ្យដឹងថា ផែនការសកម្មភាពសម្រាប់ អាណត្តិទី៦ របស់សមាគម មានដូចតទៅ៖

*ទី១៖ លើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសសក្តិសមជាសិល្បករ តំណាងជាតិតាមរយៈការអភិរក្ស អភិវឌ្ឍសិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកសិល្បករដែលពួកគាត់ជាកម្លាំងស្នូល។

*ទី២៖ កៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីស្វែងរកជំនួយសប្បុរសក្នុងការជួយដល់ការលើកស្ទួយ សិល្បៈវប្បធម៌ ជាពិសេសស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករ ឱ្យង្កើតនូវស្នាដៃសិល្បៈថ្មីៗ ដែលរក្សាខ្ជាប់ខ្ជួននូវអត្តសញ្ញាណជាតិ ឈានឆ្ពោះទៅរកការ គាំទ្រនូវឆាកអន្តរជាតិ។

*ទី៣៖ ជំរុញសកម្មភាពឧស្សាហកម្មវប្បធម៌សិល្បៈ តាមរយៈការបង្កើតស្នាដៃផលិតកម្មសិល្បៈគ្រប់ទម្រង់ ក្នុងគោលបំណងផ្តល់ឱកាសការងារជូនដល់សិល្បករ អ្នកនិពន្ធ និងអ្នកពាក់ព័ន្ធ រួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក្នុងឆន្ទៈរួមជាកម្លាំង ដើម្បីពង្រីកនូវការផ្សព្វផ្សាយអំពីវប្បធម៌ និង ទេសចរណ៍ និងការអប់រំសីលធម៌សង្គមឱ្យបានកាន់តែប្រសើរ និងអាចចែករំលែកដល់ការគាំពារជួយ ទ្រទ្រង់សិល្បករចាស់ជរា និងអ្នកបាត់បង់សមត្ថភាព។

*ទី៤៖ បញ្ចូលវិស័យវប្បធម៌សិល្បៈទៅក្នុងប្រព័ន្ធទំនើបកម្មបែបបច្ចេកវិទ្យា Digital ដើម្បីជំរុញការផ្លាស់ប្តូរ វប្បធម៌សិល្បៈគ្នាទៅវិញទៅមកក្នុងប្លុកអាស៊ាន និងតំបន់ដទៃទៀតក្នុងពិភពលោក។

*ទី៥៖ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងអង្គការមិនមែនរដ្ឋាភិបាល មានដូចជា កាកបាទក្រហម សភាពសហព័ន្ធយុវវជនកម្ពុជា សមាគមកាយឫទ្ធិកម្ពុជា សមាគមពេទ្យស្ម័គ្រចិត្ត ធីតា ជាដើម។

ដើម្បីសម្រេចបាននូវផែនការសកម្មភាពនេះ សមាគម ក៏បានស្នើសម្តេចនាយករដ្ឋមន្ត្រី មេត្តាពិចារណានូវការអនុគ្រោះការបង់ពន្ធមួយរយៈ ចំពោះវណ្ណកម្មទាំងឡាយដែលត្រូវបង្កើតឡើងដោយសមាគមសិល្បករខ្មែរ ដើម្បីធានានិរន្តរភាពសមាគម ឱ្យមានលទ្ធភាពបង្កើតសកម្មភាពនានា ក្នុងការលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរ។

បើតាមអ្នកឧកញ៉ា ម៉ៅ ចំណាន ការប្តេជ្ញាចិត្ត និងឆន្ទៈរបស់អ្នកឧកញ៉ា ជាប្រធានសមាគមសិល្បករខ្មែរក្នុងអាណ្ណតិទី៦ ពិតមែនតែធំធេងអាចលើសអំពីសមត្ថភាព និងលទ្ធភាពបច្ចុប្បន្ន ក៏ប៉ុន្តែសមាគមនឹងខិតខំបំពេញមហិច្ឆតានៃគោលបំណងនេះឱ្យបានជាបន្តបន្ទាប់ ព្រោះសមាគមមានជំនឿជាក់ទៅលើសមាជិកនៃក្រុមប្រឹក្សាភិបាលដែលមានសមាសសភាពមកពីអន្តរវិស័យពាក់ព័ន្ធ គណកម្មការប្រតិបត្តិ និង ទីប្រឹក្សាល្អៗជាច្រើនរបស់សមាគមដែលសុទ្ធសឹងតែជាអ្នកមានសមត្ថភាព និងមាន ឆន្ទៈរួមដូចគ្នា ព្រមទាំងមានសមាជិកសិល្បករជាច្រើនដែលជាកម្លាំងសាមគ្គីមិនអាចខ្វះបាន ជាពិសេសទៀតនោះ សមាគមសង្ឃឹមយ៉ាងមុតមាំថា នឹងមានសប្បុរសជនជាច្រើនដែលបន្តជួយគាំទ្រដើម្បីជួយ ឱ្យសមាគមសិល្បករខ្មែរ អាចបំពេញបេសកកម្មដ៏ធំធេងជូនជាតិ និងរាជរដ្ឋាភិបាល៕