(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សិល្បករគ្រប់ទម្រង់មានតួនាទីគន្លឹះក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតា ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ ជាពិសេសក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤នេះ។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាគមសិល្បករខ្មែរ នារាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលដ្ឋានរឹងមាំនៃសុខសន្តិភាព គឺជាកត្តាចម្បងផ្ដល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូបអាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងនាមជាមហាគ្រួសារខ្មែរ នៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា។

សម្តេចធិបតីបានបន្តថា សិល្បករបានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខដុមនីយកម្មសង្គម តាមរយៈសកម្មភាពនៃការចូលរួមថែរក្សា និងផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា តូនាទីគន្លេះរបស់សិល្បករក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតា ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ ជាពិសេសក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤នេះ។

ជាងនេះទៅទៀត សិល្បករខ្មែរច្រើនរាប់មិនអស់នៅគ្រប់ជំនាន់បានបូជាកម្លាំងកាយចិត្ត ស្មារតី ទេពកោសល រហូតជីវិតរបស់ខ្លួនដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ទម្រង់ ដោយបានបំផុតគំនិតច្នៃប្រឌីតថ្មី តាមរយៈសិល្បៈ វប្បធម៌បែបបុរាណ និងបែបបទនៃការរស់នៅរបស់ប្រជាជនខ្មែរជាមួយធម្មជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សិល្បករខ្មែរ តាមរយៈស្នាដៃ និងទេពកោសល្យរបស់ខ្លួនបានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធ និងចំណេះដឹងនៃប្រវត្តិសាស្ត្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ក្នុងយុគបរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ន តួនាទីសិល្បករ-សិល្បការនីកាន់តែមានសារ:សំខាន់ សិល្បករមួយរូបៗសុទ្ធតែអាចជាទូតសុឆន្ទៈតំណាងវប្បធម៌នៅលើឆាកជាតិ
និងអន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះបំផុសឱ្យកាន់តែខ្ពស់ឡើង នូវអត្តសញ្ញាណជាតិ ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិ ឱ្យកាន់តែខ្លាំងក្លាឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើសិល្បករ-សិល្បការិនីពង្រឹងសាមគ្គីភាព ដើម្បីបន្តស្នាដៃក្នុងវិស័យសិល្បៈសម្រាប់ជាតិកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើសមាគមសិល្បករខ្មែរ សហការឱ្យបានជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញក្រមសីលធម៌អ្នកសិល្បៈ ព្រមទាំងបង្កើតនូវ ក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ ដើម្បីធ្វើជាយន្តការសម្របសម្រួលជាមួយសមាគម និងអ្នកសិល្បៈគ្រប់ៗរូប៕