(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យសិល្បករសិល្បការិនីទាំងអស់ ពេលបង្កើ្តតស្នាដៃថ្មី និងការតែងនិពន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបញ្ចូលសារអប់រំ និងសារលើកស្ទួយសីលធម៌ សង្គម, តម្លៃគ្រួសារខ្មែរ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ គុណធម៌, មិនលួចចម្លង ក្នុងទិសដៅតម្កល់ស្នាដៃ ដែលបានបង្កើតជាគំរូ និងកេរដំណែលសម្រាប់ជនជំនាន់ក្រោយ។

ការស្នើបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ក្រោមប្រធានបទ «អ្នកស្នងមរតក» នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។

នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកដល់សិល្បករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត, ការបង្កើតមាតិកា និងការសម្តែងទាំងឡាយ ដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ បំពុលសង្គម ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើយ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងការបង្កើតស្នាដៃថ្មី និងការតែងនិពន្ធ ក្រៅពីការគិតគូរទៅដល់ភាពប្លែកថ្មី សប្បាយ និងការទាក់ទាញដើម្បីឱ្យមានការចាប់អារម្មណ៍ និងមានការគាំទ្រ ខ្ញុំសុំឱ្យមានឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការបញ្ចូលសារអប់រំ និងសារលើកស្ទួយសីលធម៌សង្គម, តម្លៃគ្រួសារខ្មែរ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ គុណធម៌, មិនលួចចម្លង ក្នុងទិសដៅតម្កល់ស្នាដៃ ដែលបានបង្កើតជាគំរូ និងកេរដំណែលសម្រាប់ជនជំនាន់ក្រោយ»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកឃ្លាមួយប្រយោគដែលគេតែងតែនិយាយថា «រលកថ្មី ច្រានរលកមុខ» គឺជាក្រឹត្យក្រមធម្មជាតិ សិល្បករ រៀមច្បងមិនត្រឹមតែជារលកនាំមុខប៉ុណ្ណោះទេ ប៉ុន្តែជាតួអង្គដែលមានបទពិសោធន៍ និងជាគំរូដល់រលកជំនាន់ក្រោយយុវជនបន្តវេន។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការជួយជ្រោមជ្រែងបង្ហាត់បង្រៀនផ្តល់ចំណេះដឹង និងការលើកទឹកចិត្តដល់យុវជនវ័យក្មេង គឺជាកាតព្វកិច្ចដើម្បីបន្តថែរក្សាមរតកដូនតា នៅក្នុងការបន្តរីកចម្រើនទៅមុខ របស់វិស័យសិល្បៈ វប្បធម៌ជាតិរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្ងើចសសើរចំពោះការរៀបចំរបាំ ល្ខោនផ្សេងៗ និងទម្រង់សិល្បៈផ្សេងៗ នៃវប្បធម៌សិល្បៈ ដោយចុងបញ្ចប់មានវគ្គមួយ ធ្វើឱ្យមានការចាប់អារម្មណ៍ និងមានអត្ថន័យបំផុត គឺការដឹងគុណ របស់សិល្បៈជំនាន់ក្រោយ ទៅដល់វីរៈសិល្បករ សិល្បការិនី ដែលជាលោកគ្រូ អ្នកគ្រូ។ ចំណុចនេះគឺជាកិច្ចការងារដ៏សំខាន់ និងត្រូវធ្វើគ្រប់ជំនាន់ទាំងអស់៕