(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ដំណើរការផ្លូវការរបស់សមាគម គឺពឹងផ្អែកលើឯកសារគតិយុត្តនានាដែលជាឯកសារគោលសម្រាប់ការប្រព្រឹត្តទៅរបស់សមាគម ដូចនេះហើយសមាគមសិល្បករខ្មែរ ត្រូវធ្វើការសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំឯកសារគតិយុត្តនានារបស់សមាគមឱ្យមានភាពរឹងមាំ និងមានប្រសិទ្ធភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក»។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរការផ្លូវការរបស់សមាគម គឺពឹងផ្អែកលើឯកសារគតិយុត្តនានា ដែលជាឯកសារគោលសម្រាប់ការប្រព្រឹត្តទៅរបស់សមាគម សម្តេចសង្ឃឹមថា វត្តមានក្រុមប្រឹក្សាភិបាល ដែលមានសមាជិកមកពីអន្តរវិស័យ និងក្លាយជាគ្រឹះដ៏រឹងមាំ ទ្រទ្រង់សមាគម ឱ្យដំណើរការប្រព្រឹត្តទៅបានដោយជោគជ័យ និងមានប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់សមាគម ត្រូវធ្វើការសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំឯកសារគតិយុត្តនានារបស់សមាគមឱ្យមានភាពរឹងមាំ និងមានប្រសិទ្ធភាព ក្នុងការអនុវត្ត ព្រមទាំងគិតគូពីផែនការសកម្មភាពរយៈពេលខ្លី មធ្យម វែង របស់សមាគម ដែលជាកត្តាគន្លឹះនៃជោគជ័យរបស់សមាគម»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សមាគមសិល្បករខ្មែរបានក្លាយជាថ្នាលដ៏ធំនៃការប្រមូលផ្តុំសិល្បករឆ្នើមល្បីៗ និងមានទេពកោសល្យខ្ពស់ ដែលសម្តេចមានជំនឿថា នាថ្ងៃអនាគតដ៏ខ្លីសមាគមនឹងបន្តក្លាយជាថ្នាល សម្រាប់ការបណ្តុះបណ្តាល, ផ្ទេរចំណេះដឹង, បទពិសោធ ពីសិល្បកររៀមច្បង មកសិល្បករបន្តវេន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងវិស័យសិល្បៈវប្បធម៌, សិល្បករគឺជាគំរូ ជាតួអង្គដែលមានឥទ្ធិពលទៅលើមជ្ឈដ្ឋានផ្សេងៗ ជាពិសេសឧបករណ៍ផ្សព្វផ្សាយតាមរយៈការសម្តែងដោយផ្ទាល់ ឬមិនផ្ទាល់។ ការរក្សាបាននូវតម្លៃសិល្បៈវប្បធម៌ជាតិ និងតម្លៃផ្ទាល់ខ្លួនរបស់សិល្បករ គឺពិតជាអាស្រ័យលើសេចក្តីសម្រេចផ្ទាល់ ដែលជាការសម្រេចចិត្តត្រឹមត្រូវ នឹងទទួលបានការគាំទ្រពីសាធារណជន រីឯការសម្រេចចិត្តមិនត្រឹមត្រូវ នឹងទទួលរងនូវសម្ពាធសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យសមាគមសិល្បករខ្មែរត្រូវ សហការឱ្យបានជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញនូវក្រមសីលធម៌នៃអ្នកសិល្បៈ ព្រមទាំងបង្កើតនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ ដើម្បីធ្វើជាយន្តការសម្របសម្រួលជាមួយសមាគម និងអ្នកសិល្បៈគ្រប់ៗរូបផងដែរ៕