(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា បានឯកភាពតាមសំណើរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ តាមរយៈការអនុគ្រោះពន្ធ ដល់ស្នាដៃវណ្ណកម្ម របស់សមាគមសិល្បករខ្មែរ។

ការឯកភាពតាមសំណើរនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គី ជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក» នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកឧកញ៉ា ប្រធានសមាគម បានស្នើសុំលើកលែងពន្ធ ចំពោះការផលិតស្នាដៃវប្បធម៌ របស់សមាគមសិល្បករខ្មែរ [...] ខ្ញុំឯកភាពជាគោលការណ៍ ហើយចាំជជែកជាមួយនឹងពន្ធដារ ដើម្បីជួយនៅក្នុងកិច្ចការងារនេះ»។ ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏​បានប្រកាសចូលរួមជួយឧបត្ថម្ភ ដល់សមាគមសិល្បករខ្មែរ ក្នុងរយៈពេល៥ឆ្នាំ ដោយក្នុងមួយឆ្នាំ ចំនួន១០ម៉ឺនដុល្លារផងដែរ។

សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរ បានបង្កើតឡើងនៅឆ្នាំ២០០៦ មកដល់​ពេល​នេះ​ មានរយៈពេល ១៧ឆ្នាំមកហើយ ក្រោមការផ្តួចផ្តើមគំនិតពីក្រុមសិល្បករ​រៀម​ច្បង។

គិតមកដល់ពេលនេះ មានរយៈពេល៦អាណត្តិហើយ ក្នុងនោះអាណត្តិទី១ ដឹកនាំដោយលោក អៀង ស៊ីធុល, អាណត្តិទី២ ដឹកនាំដោយ លោក មិញ សុធីវណ្ណ, អាណត្តិទី៣ និងទី៤ ដឹកនាំដោយដោយលោក សុះ ម៉ាច និងអាណត្តិទី៥ ដោយលោកស្រី ចន ច័ន្ទលក្ខិណា។

បន្ទាប់ពីជាប់ឆ្នោត ដឹកនាំសមាគមសិល្បករខ្មែរអាណត្តិទី៦ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ អ្នក​ឧកញ៉ា ម៉ៅ ចំណាន បានធ្វើសកម្មភាពជាច្រើន ក្នុងការ​រៀបចំរចនាសម្ព័ន្ធ ដឹកនាំសមាគមឲ្យបានល្អប្រសើរ។

ត្រឹមតែរយៈពេល៣សប្តាហ៍ប៉ុណ្ណោះ សមាគមបានខិតខំប្រឹងប្រែង រៀបចំ​ទីស្នាក់ការ​សមា​គម​ឲ្យបានសមរម្យ ដើម្បីជាមូលដ្ឋានរដ្ឋបាលសម្រាប់ឲ្យសិល្បករ ដែលជាសមា​ជិក អចិន្ត្រៃយ៍របស់សមាគម មានទីកន្លែងបំពេញការងាររបស់ខ្លួន។

សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគម និងអ្នកឧកញ៉ាជាប្រធានសមាគម ក៏បាន​ពិភាក្សា​រៀបចំសមាសភាព គណៈកម្មការប្រតិបត្តិ និងបទបញ្ជាផ្ទៃក្នុង និងបានធ្វើការ ប្រជុំជាញឹកញាប់អំពីផែនការ ជាទស្សនវិស័យ និងចក្ខុវិស័យរបស់សមាគម។

មិនត្រឹម​តែ​ប៉ុណ្ណោះ សមាគមថែមទាំងបានអញ្ជើញសិល្បករគ្រប់ទម្រង់ជាច្រើន​រូប ដែល​សុទ្ធ​សឹងជាសិល្បករដែលមានបទពិសោធន៍យូរឆ្នាំមកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកគន្លឹះសំខាន់ៗដើម្បីជាធាតុចូល ក្នុងការគ្រប់គ្រងដឹកនាំសមាគម និង ពិនិត្យ​ភាព​អវិជ្ជ​មានផ្សេងៗដើម្បីធ្វើការកែទម្រង់។

ចំណែកឯកិច្ចការសប្បុរសធម៌វិញ សមាគមបានចុះសួរសុខទុក្ខដល់សិល្បករចាស់ជរា មានដូចជាវីរៈសិល្បករចាប៉ីដងវែង លោកតា គង់ ណៃ ដែលសម្រាកនៅមន្ទីរពេទ្យ និង​លោកយាយភរិយាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និងសិល្បករមួយ​ចំនួន​ដែល​ជួបបញ្ហាបាត់បង់ជីវិត ឬគ្រួសារត្រូវបានបាត់បង់ជីវិត។

លើសពីនោះទៀត សមាគមក៏​បាន​រួមចំណែកបរិច្ចាគដល់កម្មវិធីសម្ដែងសិល្បៈមួយចំនួនទៀតផងដែរ៕