(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងជាទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក មកកាន់កម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ជាមួយនឹងការរំលេចថា លោក Lloyd Austin គឺជា «អតីតមិត្តរួមសាលា» ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត។

លោកបណ្ឌិត បានលើកឡើងពីគំនិតផ្ទាល់ខ្លួនរបស់លោក ចំពោះដំណើរបំពេញទស្សនកិច្ចមកកាន់កម្ពុជារបស់លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ស្របពេលដែលកម្ដៅភូមិសាស្ត្រនយោបាយ នៅច្រកសមុទ្រតៃវ៉ាន់ ស្ថិតក្នុងស្ថានភាពប្រឈម ខណៈដែលកម្ពុជា-ចិន ទើបបិទបញ្ចប់សមយុទ្ធយោធា «នាគមាសលើកទី៦»

លោកបន្តថា ការណ៍នេះ ត្រូវបានអ្នកវិភាគនយោបាយអន្តរជាតិជាច្រើនយល់ថា ដំណើររបស់លោក Lloyd Austin ថា៖

ទី១៖ ការទូតមិត្តរួមសាលា លោក Lloyd Austin អាចនឹងព្យាយាមទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលធ្លាប់ទទួលបានការអប់រំនៅសហរដ្ឋអាម៉េរិក ជាពិសេសនោះគឺធ្លាប់សិក្សានៅសាលាបណ្ឌិត្យសភាយោធាអាម៉េរិកដូចគ្នា (ដែលភាសាសាមញ្ញហៅថា មិត្តរួមសាលា)

ទី២៖ លោក Lloyd Austin អាចនឹងបង្ហាញកង្វល់លើបញ្ហាប្រឈមលើសន្តិសុខតំបន់ យកលេសខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលកុំឱ្យកម្ពុជាផ្អៀងទៅរកចិនខ្លាំងពេក។

លោក យង់ ពៅ បានគូសបញ្ជាក់ថា៖ «ចំពោះខ្ញុំ ខ្ញុំយល់ឃើញថា ទំនាក់ទំនងប្រទេសទាំង២ ស្ថិតលើរបៀបវារៈភូមិសាស្ត្រនយោបាយ២ផ្សេងគ្នា ដែលពិបាកនឹងកែប្រែ ពោលគឺសហរដ្ឋអាម៉េរិកកំណត់របៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួន នៅតែប្រកាន់ភាពជាមហាអំណាចទី១គ្រប់គ្រងពិភពលោកតែម្នាក់ឯង ខណៈដែលព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបៀបវារៈភូមិសាស្ត្រនយោបាយ ពង្រឹងសមត្ថភាព រស់ក្នុងសន្តិភាព ផ្អែកលើច្បាប់ជាតិនិងអន្តរជាតិ ក្នុងឋានៈរដ្ឋអធិបតេយ្យ»

ជាមួយគ្នានេះ លោកបានបញ្ជាក់បន្ថែមថា លោកក៏យល់ដែរថា សហរដ្ឋអាម៉េរិកតែងមើលមកកម្ពុជាថាលម្អៀងទៅចិនខ្លាំង ដែលត្រង់ចំណុចនេះលោកតែងវាយតម្លៃថា កម្ពុជាមិនផ្អៀងទោរទន់នឹងប្រទេសណានោះទេ គឺកម្ពុជាផ្អៀងទៅលើផលប្រយោជន៍ប្រជាជននិងជាតិកម្ពុជា ដូចមានចែងក្នុងមាត្រា៥៣នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ប្រសិនបើសហរដ្ឋអាមេរិក នៅតែយក «បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យប្រដៅកម្ពុជា» នោះជានយោបាយហួសសម័យ និងជានយោបាយប្រមាថកម្ពុជា ស្របពេលដែលប្រទេសវៀតណាមបានក្លាយជាសម្ព័ន្ធយុទ្ធសាស្ត្ររបស់អាមេរិក ក្នុងចន្ទល់បញ្ហាច្រកសមុទ្រតៃវ៉ាន់ និងភូមិសាស្ត្រនយោបាយអាស៊ីប៉ាស៊ីហ្វ៊ិក។

លោកបណ្ឌិត បានបន្តថា ប្រសិនបើអាមេរិក នៅតែប្រើនយោបាយប្រមាថកម្ពុជា នោះនាំឱ្យកម្ពុជាកាន់តែត្រូវប្រឹងប្រែងរកជម្រើសពង្រឹងខ្លួនតាមអភិក្រមផ្សេង។

សូមជម្រាបផងថា លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ដែលនេះជាដំណើរមកកាន់ប្រទេសកម្ពុជា ជាលើកទី២ របស់លោក Lloyd Austin ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិអាមេរិក ខណៈដែលលើកទី១ លោកបានមកចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២៕