(បាត់ដំបង)៖ កាកបាទក្រហមកម្ពុជាសហកាជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយស្តីពីការយល់ដឹងអំពីមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនិងសេវាកម្មស្តារទំនាក់ទំនងគ្រួសារ, គោលការណ៍គ្រឹះទាំង៧ ប្រការរបស់ចលនា និងសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋសរុបប្រមាណជិត១០០នាក់ នៅឃុំតាតោក។

វគ្គបណ្តុះបណ្តាលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅសាលាឃុំសំឡូត និងនៅភូមិភ្នំរៃ ឃុំតតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីរៀបចំផែនការសកម្មភាព បណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត សម្រាប់ការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសេវាកម្មស្តារទំនាក់ទំនងគ្រួសារ។ ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីទប់ស្កាត់កុំឱ្យមានជនរងគ្រោះថ្នាក់ដោយសារគ្រាប់ទាំងនោះបន្តទៀត។ ផ្សព្វផ្សាយអំពីគោលការណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ផ្សព្វផ្សាយអំពីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ។

សូមបញ្ជាក់ថា ជាលើកទីមួយហើយដែល ប្រជាពលរដ្ឋនៅក្នុងភូមិភ្នំរៃ ទទួលបានការផ្សព្វផ្សាយនិងជាទីពីសម្រាប់អ្នកស្ម័គ្រចិត្តដែល ទទួលបានការបណ្តុះបណ្តាល និងផ្សព្វផ្សាយ អំពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនិងការលើកកម្ពស់ការយល់ដឹងអំពីមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម និងសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ពីកាកបាទក្រហមកម្ពុជា។ មួយវិញទៀតដែលនាំឱ្យមានការបើកវគ្គនេះ ព្រោះក្រុមការងារបានសង្កេតឃើញថា ក្នុងភូមិសាស្រ្តឃុំតាតោកជាតំបន់ដែលប្រឈមការរង
គ្រោះដោយសារមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម។

លោក មុំ ភិរក្ស ប្រធានការិយាល័យអប់រំមីន និងស្តារទំនាក់ទំនងគ្រួសារ នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានលើកឡើងថា កម្មវិធីសុវត្ថិភាពសហ គមន៍ បានវិវត្តពីកម្មវិធីសកម្មភាពមីនតាមសហគមន៍ (CBMAP) ដែលត្រូវបានអនុវត្តដោយជោគជ័យតាមរយៈកាកបាទក្រហមកម្ពុជា នៃនាយកដ្ឋានទំនាក់ទំនងក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ។ កម្មវិធីសុវត្ថិភាពសហគមន៍ បានស្វែងរកការទំនាក់ទំនងរវាងកម្មវិធីសកម្មភាពមីនតាមសហគមន៍ ដែលបានគាំទ្រដល់សហគមន៍ជនបទ ជាមួយនឹងការផ្តល់ព័ត៌មានទូទៅនៅក្នុងសហគមន៍ដែលមានហានិភ័យ ហើយកំណត់បាននូវអត្តសញ្ញាណដូចជាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាដើម។

គួបញ្ជាក់ថា វគ្គបណ្តុះបណ្តាកនិងផ្សព្វផ្សាយនេះ ទទួលបានការឧបត្ថម្ភពីអាជ្ញាធរមីនកម្ពុជាតាមរយៈកាកបាទក្រហមកម្ពុជា។ លោក មុំ ភិរក្ស បានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្ងាយដាច់ស្រយាល ធ្លាប់ជាទីតាំងសមរភូមិសង្គ្រាម ដែលបន្សល់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយប្រឈមនឹងការរងគ្រោះថ្នាក់ដោយសារមីន។ ក្នុងន័យនេះ កាកបាទក្រហមកម្ពុជា តែងតែធ្វើការចុះអប់រំផ្សព្វផ្សាយអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជូនដល់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឆ្លើយតបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា ក៏បានចុះអនុស្សរណៈជាមួយអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ផងដែរ។

វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ត្រូវបានបញ្ចប់ដោយទទួលលទ្ធផលតាមការគ្រោងទុក ហើយអ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋដែលមកចូលរួមទទួលបានចំណេះដឹងថ្មីៗនិងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្ត សកម្មភាពអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមសហគមន៍គោលដៅ និងនៅតាមច្រកព្រំដែនផងដែរ៕