(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់ទី៦ (វគ្គ១+២) និងប្រគល់វិញ្ញាបណ្ណបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន៥២រូប មកពីបណ្តាក្រសួងស្ថាប័នចំនួន១១ សាលារាជធានី ខេត្តចំនួន៥ និងតាមបណ្តាខណ្ឌទាំង១៤ រៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ចនៅសាលប្រជុំសម្តេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច ព្រឹកថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋមន្រ្តីបានកោតសរសើរ វាយតំលៃខ្ពស់ ចំពោះវិទ្យាស្ថានជាតិអធិការកិច្ច និងគ្រូឧទ្ទេសនាមទាំងអស់ ដែលបានប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលសម្រេចបានលទ្ធផលល្អគួរជាទីកត់សម្គាល់ និងសិក្ខាកាម មានវត្តមានគ្រប់ម៉ោងសិក្សា គោរពវិន័យ និងចូលរួមសួរសំណួរដេញដោលបានយ៉ាងសកម្មនៅពេលសិក្សា ព្រមទាំងថ្លែងកោតសរសើរ ចំពោះការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី សិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលា៨ថ្ងៃពេញ និងយកចិត្តទុកដាក់រៀនសូត្រ ចែករំលែកចំណេះដឹង រហូតបញ្ចប់ការសិក្សា ជាមួយលទ្ធផលល្អប្រសើរគួរជាទីកត់សម្គាល់។

ថ្លែងក្នុងពិធីដ៏មានអត្ថន័យនាពេលនេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់រំលឹកជូនអង្គពីធីអំពីសារៈសំខាន់នៃវិស័យអធិការកិច្ច ក្នុងការរួមចំណែកលើកកម្ពស់ការដឹកនាំ គ្រប់គ្រងរដ្ឋឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សុចរិតភាព ដើម្បីឆ្លើយតបនឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រសួងអធិការកិច្ច បានទទួលបេសកកម្មក្នុងការសម្រួចទិសដៅការងារផ្ដោតលើការងារអធិការកិច្ចនៅលើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ដើម្បីសម្រេចបាននូវបេសកកម្មដ៏សំខាន់ខាងលើនេះ លោករដ្ឋមន្រ្តី បញ្ជាក់ថា ក្រសួងអធិការកិច្ចបានដាក់ចេញនូវផែនការការងារអាទិភាព ចំនួន៤ ដែលទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបិទសន្និបាតក្រសួងអធិការកិច្ច កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលរួមមាន៖

*ទី១៖ ការពង្រឹងសមត្ថភាពស្ថាប័ន
*ទី២៖ ការកសាង និងអភិវឌ្ឍមូលធនមនុស្សនៅក្នុងវិស័យអធិការកិច្ច
*ទី៣៖ ការកសាងលិខិតបទដ្ឋានគតិយុត្តសម្រាប់បម្រើឱ្យវិស័យអធិការកិច្ច
*ទី៤៖ ការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។

មិនតែប៉ុណ្ណោះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃក្រសួងអធិការកិច្ច ដែលជាស្ថាប័ននាំមុខ និងដឹកនាំវិស័យអធិការកិច្ចនៅកម្ពុជា និងដើរតួនាទីគន្លឹះក្នុងការជួយរាជរដ្ឋាភិបាលអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ សំដៅលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។

មុននឹងបញ្ចប់ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនសិក្ខាកាមទាំងអស់ដែលទទួលបានការបណ្តុះបណ្តាលសូមខិតខំបង្កើន និងអភិវឌ្ឍចំណេះដឹងវិជ្ជាជីវៈ សមត្ថភាពឱ្យបានជាប់ជាប្រចាំ ព្រមទាំងយកចំណេះដឹងនិងសមត្ថភាព ដែលខ្លួនមាន ទៅបំពេញការងារនៅអង្គភាពរបស់ខ្លួន ដើម្បីបង្កើតស្នាដៃ និងលទ្ធផលជូនអង្គភាពរៀងៗខ្លួន និងសូមឱ្យសិក្ខាកាមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះរបស់មន្ត្រីអធិការកិច្ច ដែលជាលក្ខណសម្បត្តិ នៃវិជ្ជាជីវៈអធិការកិច្ច មានជាអាទិ៍៖ សុចរិតភាព, ភាពមិនលំអៀង, សមត្ថភាពវិជ្ជាជីវៈ, ចៀសវាងទំនាស់ផលប្រយោជន៍, មានក្រមសីលធម៌ តម្កល់ឧត្ដមប្រយោជន៍ជាតិជាធំ និងគោរពអភិក្រមទាំង ៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

ជាពិសេស លោករដ្ឋមន្រ្តី សូមឱ្យសិក្ខាកាមទាំងអស់ ត្រូវមានស្មារតីសកម្ម បុរេសកម្ម និងអន្តរសកម្ម, ប្រតិតុល្យការ និងកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាពរងអធិការកិច្ចចំណុះក្រសួង ស្ថាប័ន ព្រមទាំងត្រូវប្រកាន់គោលការណ៍ និងពន្យល់ដល់ភាគីពាក់ព័ន្ធ ឱ្យយល់ច្បាស់អំពីការងារអធិការកិច្ច ដែលមិនមែនសំដៅ ចុះទៅតែចាប់កំហុសនោះទេ តែជួយកែតម្រូវ កែម្អនិងសហការ (លើកលែងកំហុសធ្ងន់ធ្ងរ ដែលត្រូវអនុវត្តវិធានការច្បាប់) ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ អភិបាលកិច្ច និងការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងតម្លាភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល៕