(ពោធិ៍សាត់)៖ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការចោទប្រកាន់ក្រុមក្មេងទំនើងមួយក្រុម មានគ្នា៧នាក់នេះ បានជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពជាក្រុមប្រើប្រាស់កាំបិតផ្គាក់ និងដាវកែឆ្នៃ កាលវេលាម៉ោង១០ យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅភូមិប្រឡាយរំដេញ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាននោះ បានសរសេររៀបរាប់ថា៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ បានបញ្ជូនសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងក្មេងទំនើងមួយក្រុម មានគ្នា៧នាក់ មកអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។

ក្មេងទំនើងមួយក្រុម មានគ្នា៧នាក់នេះ បានជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពជាក្រុម កាលវេលាម៉ោង១០ យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅភូមិប្រឡាយរំដេញ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ពេលឃើញសមត្ថកិច្ច នាំគ្នារត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន១នាក់ ឈ្មោះ វុន សោវរៈ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដកហូតកាំបិតផ្គាក់មួយដើម ដុំថ្ម៦ដុំ និងម៉ូតូមួយគ្រឿង ចំណែកជនសង្ស័យ ចំនួន៦នាក់ទៀត មានដាវកែឆ្នៃមួយដើម និងម៉ូតូមួយគ្រឿងបានរត់គេចខ្លួនអស់។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះបន្តថា៖ បន្ទាប់ពីបានពិនិត្យភស្តុតាង សាកសួរលើជនសង្ស័យ ឈ្មោះ វុន សោវរៈ តាមនីតិវិធីរួចមក តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង០៧នាក់ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ១៧១៧ អក/២៤ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិប្រឡាយរំដេញ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសពី៦ (ប្រាំមួយ)ខែដល់៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល៕