(ព្រះសីហនុ)៖ អាជ្ញាធរបាននាំយកអំណោយឧបភោគបរិភោបចែកជូនគ្រួសារក្រីក្រងាយរងគ្រោះ១២គ្រួសារ មានទីលំនៅក្នុងភូមិ១ និងភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ការចុះចែកនេះធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងឱកាសនោះ ក៏មានការចូលរួមដោយក្រុមការងារសម្របសម្រួលគណនេយ្យភាពសង្គមឃុំអូរត្រេះផងដែរ។

អ្នកស្រី ឡុង មីនា ស្មៀនឃុំកំពេញ បានឲ្យដឹងថា រៀងរាល់ឆ្នាំឃុំ តែងតែទទួលបានថវិកាប្រចាំឆ្នាំរបស់ថ្នាក់ជាតិ ហើយរៀងរាល់ចុងឆ្នាំ យើងតែងតែមានគម្រោងបែងចែកទៅលើការអភិវឌ្ឍន៍ផ្នែកហេដ្ឋាចរនាសម្ព័ន សេវាសង្គម ការចំណាយផ្នែករដ្ឋបាល ប្រាក់ខែរបស់ក្រុមប្រឹក្សាឃុំ មេភូមិ ជំនួយការហេរញ្ញវត្ថុឃុំជាដើម។

អ្នកស្រីបន្ថែមថា ក្រៅពីការចំណាយទៅលើគម្រោង និងផ្នែកផ្សេងៗទាំងនេះហើយ ពួកយើងក៏មានកញ្ចប់ថវិកាមួយទៀតហៅថា ថវិកាសេវាសង្គម ពោលគឺគ្រោងឡើងដើម្បីជួយឧបត្ថមដល់គ្រួសារក្រីក្រ ងាយរងគ្រោះពិតប្រាកដ មានបណ្ណសម្មធម៌ ចាស់ជរា ស្ត្រីមានផ្ទៃពោះជាដើម។

អ្នកស្រីបានបន្តថា គ្រួសារដែលទទួលបានការឧបត្ថមនារសៀលនេះ ព្រោះពួកគាត់ត្រូវមានការចំណាយការធ្វើដំណើរទៅមណ្ឌលសុខភាព មានជីវភាពខ្វះខាតខ្លាំងផ្នែកថវិកា ស្បៀងអាហារ មានជម្ងឺប្រចាំកាយ លំនៅដ្ឋានមានសភាពទ្រុតទ្រោមខ្លាំង។

ស្មៀនឃុំកំពេញ បានគូសបញ្ជាក់ថា ពិតណាស់នៅរសៀលនេះ បានចុះចែកអំណោយជូនគ្រួសារក្រីក្រ តែជាក់ស្តែងនៅក្នុងឃុំកំពេញបច្ចុប្បន្នចំនួនអ្នកមានជីវភាពខ្វះខាតនេះ ក៏មានមិនច្រើនដែរ ដោយកន្លងមកមន្ត្រីក្រុមប្រឹក្សាឃុំ ភូមិបានចុះសិក្សាស្វែងរកគ្រួសារងាយរងគ្រោះពិតប្រាកដ ដោយមិនចំណាយថវិកាថ្នាក់ជាតិផ្តល់ជូនមកនោះខុសគោលដៅ។

ក្រៅពីនោះសម្រាប់ស្ត្រីមានផ្ទៃពោះ ចាស់ជរា ទៅពិនិត្យសុខភាព ក៏មានជាថវិកាក្នុងម្នាក់១០ម៉ឺនរៀលជូនផងដែរ ហើយគ្រឿងឧបភោគបរិភោបផ្តល់ជូននារសៀលនេះមានអង្ករ២៥គីឡូ មី១កេស និងទឹកត្រី១យួរ៕