(ស្ទឹងត្រែង)៖ កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០៦ សរ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៥-២០២៧ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង រៀបចំឡើងនៅថ្ងៃថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ លោក លោកស្រី ប្រធានមន្ទីរអង្គភាព តំណាងរដ្ឋបាលក្រុងស្រុកទាំង៦ក្នុងខេត្ត តំណាងការិយាល័យអប់រំយុវជន និងកីឡាក្រុង/ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ជុំវិញខេត្តផងដែរ។

លោក ស៊ី សួន បានលើកឡើងថា ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ត្រូវបានប្រកាសដាក់ឲ្យអនុវត្តដោយព្រះរាជក្រម លេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ។

លោកបន្តថា អនុលោមតាមមាត្រា៥១នៃច្បាប់នេះ, ដោយផ្អែកលើក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងក្របខ័ណ្ឌថវិការយៈពេលមធ្យម ដែលរាជរដ្ឋាភិបាលបានកំណត់, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរៀបចំសេចក្តីព្រាងសារាចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងសារាចរស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ ប្រចាំឆ្នាំជាសារាចររួមតែមួយ ដើម្បីដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេចនៅដើមខែខុសភា។

ហេតុដូច្នេះហើយ សេចក្តីព្រាងសារាចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំសេចក្តី ព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលត្រូវដាក់ចេញដើម្បីផ្តល់មគ្គុទេសបច្ចេក ទេសគន្លឹះៗនិងការណែនាំពាក់ព័ន្ធដល់គ្រប់ក្រសួង-ស្ថាប័ន, មន្ទីរជំនាញរាជធានី-ខេត្តព្រមទាំងរដ្ឋបាល ថ្នាក់ក្រោមជាតិ (សម្រាប់មុខងារបានប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) រៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការលើកគម្រោងថវិកាឆ្នាំ២០២៥។

លោកអភិបាលរងខេត្ត បានលើកឡើងបន្ថែមថា ខ្លឹមសារនៃសារាចរលេខ០៦ របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្របខ័ណ្ឌនិងវិធានការ ព្រមទាំងគោលការណ៍ និង បច្ចេកទេសក្នុងការគ្រោងចំណូល និងចំណាយចាំបាច់សម្រាប់ជាមូលដ្ឋានដល់ក្រសួង-ស្ថាប័ន និងមន្ទីរ ជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ រៀបចំផែនការសកម្មភាព ការងារប្រចាំឆ្នាំរបស់ខ្លួន សំដៅធានាសម្រេចឲ្យបានជោគជ័យនូវគោល បំណងគោលនយោបាយ និងកម្មវិធីដើម្បីរួមចំណែកសម្រេច ឲ្យបានគោលនយោបាយរួមរបស់ រាជរដ្ឋាភិបាល។

ទោះជាយ៉ាងណាក្តី, ដើម្បីឲ្យគោលដៅទាំងឡាយដែលបានដាក់ចេញក្នុងសារាចរនេះ អាចអនុវត្តសម្រេចបានជោគជ័យថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័ន និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ចាំ បាច់ត្រូវខិតខំថែមទៀត ប្រកបដោយឆន្ទៈប្តូរផ្តាច់ ជាពិសេសត្រូវតែផ្លាស់ប្តូរឥរិយាបទនិងផ្នត់គំនិត ក្នុងការរៀបចំថវិកា ដោយខិតខំគោរពឱ្យបានខ្ជាប់ខ្ជួនតាមក្របខ័ណ្ឌ និងបណ្តាវិធានការ ព្រមទាំង គោលការណ៍ និងបច្ចេកទេសទាំងឡាយ ទាំងផ្នែកចំណូល និងផ្នែកចំណាយ ដែលកំណត់ដោយ សារាចរនេះ។

ទន្ទឹមនេះ, គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវបន្តជំរុញការ លើកកម្ពស់អភិបាលកិច្ចល្អក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ ដើម្បីមិនត្រឹមតែអាចបង្កើនសក្តានុពលនៃ តួនាទីរបស់ថវិកាឱ្យទៅជាឧបករណ៍ សម្រាប់អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងអាចធ្វើជាចន្ទល់ដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់ការដ្ឋានកម្មវិធីកែទម្រង់ដទៃទៀត ដើម្បីបង្កើន ភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ៕