(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុន សហគ្រាស ព្រមទទួលយកសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ចូលហាត់ការ និងធ្វើការងារ ពីព្រោះវិស័យឯកជនទាំងនោះមានភាពជឿទុកចិត្តមកលើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧មួយនេះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះលោក កត្តា អ៊ន បញ្ជាក់បន្ថែមថា កិច្ចសហការជាមួយបណ្តាក្រុមហ៊ុន សហគ្រាស គឺជាកិច្ចការអាទិភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​​ និងបច្ចេកទេសក្នុងការជួយជ្រោមជ្រែងសិស្សដែលរៀនជំនាញអាចចុះហាត់​ការ និងចាប់យកឱកាសការងារពេញសិទ្ធិនៅបណ្តាក្រុមហ៊ុន សហគ្រាសទាំងនោះ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាជំនាញរយៈពេល៤ខែ។

លោកបានលើកឡើងថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសត្រូវបានដាក់ឱ្យអនុវត្តកន្លងមក ក្រសួងការងារបានចុះអនុស្សារណៈយោគយល់ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ ដើម្បីសហការក្នុងការបញ្ជូនសិស្សដែលសិក្សាជំនាញវិជ្ជាជីវៈចុះហាត់ការនៅបណ្តាក្រុមហ៊ុនសហគ្រាសនានាជាពិសេសឱកាសក្នុងការក្លាយជាបុគ្គលិកពេញសិទ្ធិ។

លោក កត្តា អ៊ន អះអាងថា ការដែលវិស័យឯកជនផ្តល់ឱកាសចុះហាត់ការដល់សិស្សសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ គឺជាការជំនួសឲ្យការអនុវត្តកាតព្វកិច្ចរបស់វិស័យឯកជនស្តីពីការហ្វឺកហ្វឺនកូនជាង ដែលជាការងារអាទិភាពមួយ ដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងអាណត្តិទី៧នេះផងដែរ។

តាមការបញ្ជាក់ពីលោក កត្តា អ៊ន គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៤នេះ សិស្សដែលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅទូទាំងប្រទេសក្នុងជំហានទី១ ស្ទើរតែ១០០ភាគរយ បានចេញហាត់ការនៅតាមក្រុមហ៊ុនឯកជន ហើយពួកគេបានប្រឡងតេស្តសមត្ថភាពបញ្ចប់ការសិក្សាជំនាញរៀងៗខ្លួនដោយជោគជ័យគ្រប់ៗគ្នាផងដែរ។ ដោយឡែកក្រុមហ៊ុនឯកជនដែលទទួលសិស្សចុះហាត់ការនោះមានការវាយតម្លៃខ្ពស់លើសមត្ថភាពរបស់សិស្សសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដូចនេះហើយទើបបណ្តាក្រុមហ៊ុន សហគ្រាស ពេញចិត្តក្នុងការទទួលយកសិស្សជំនាញចូលហាត់ការដោយគ្មានការស្ទាក់ស្ទើរ។

លោក កត្តា អ៊ន បន្ថែមថាសិស្សសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក្នុងជំហានទី១ បានធ្វើតេស្តបញ្ជាក់សមត្ថភាពជាប់ជាស្ថាពរ ក្នុងនោះដែរវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេសក៏កំពុងទទួលសិស្សចុះឈ្មោះចូលរៀន និងកំពុងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងជំហានទី២ផងដែរ។

លោកក៏បានអំពាវនាវឱ្យយុវជនដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរួសរាន់ក្នុងការមកស្វែងរកព័ត៌មាន និងធ្វើការចុះឈ្មោះចូលរៀនឱ្យបានឆាប់រហ័ស ដើម្បីមានជំនាញច្បាស់លាស់ មានការងារ និងចំណូលសមរម្យ៕