​(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្រ្កាបនូវរាល់បទល្មើសផ្សេងៗដូចជា៖ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម លួច ឆក់ ប្លន់ ក្មេងទំនើង បទល្មើសនេសាទ ការកាប់ទន្ទ្រានព្រៃលិចទឹក ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ដាច់ខាតកុំឱ្យកើតមានឡើងនៅមូលដ្ឋានខ្លួន។

លោកអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំបែបនេះ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យតាមដាន និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងស្រុកភ្នំក្រវាញ ដោយបានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា, លោកឧត្តមសេនីយ៍ត្រី ញ៉ែម រដ្ឋា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត, លោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុក, លោកអភិបាលរងស្រុក, កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងថា ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិទាំង៧ចំណុច ក្នុងនោះកម្លាំងប្រជាការពារ ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការដាស់តឿន ក្រើនរំលឹកប្រជាពលរដ្ឋ ឱ្យចេះប្រុងប្រយ័ត្ន ការពារទ្រព្យសម្បត្តិ ផ្ទះសម្បែង សត្វពាហនៈ អប់រំយុវជន កុំឱ្យប្រព្រឹត្តអំពើអបាយមុខផ្សេងៗ​ សំដៅចូលរួមថែរក្សាសន្តិសុខ ដោយធានានូវប្រក្រតីភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពសុខសាន្ត។

លោកបានបន្តថា ឆ្លើយតបតាមអនុសាសន៍ របស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមតិចង្អុលការ របស់លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកបានដឹកនាំក្រុមការងារ ប្រជុំរៀបចំចងក្រងជារបាយការណ៍ ព្រមទាំងពិនិត្យតាមដាន និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គិតត្រឹមពេលនេះ មានចំនួន៥ស្រុកហើយ ក្នុងនោះមានក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកភ្នំក្រវាញ។ លោកបានថ្លែងទៀតថា កន្លងមកក្រសួងមហាផ្ទៃ ក៏ដូចរដ្ឋបាលខេត្តពោធិ៍សាត់ បានដាក់ចេញគោលការណ៍ វិធានការ និងសេចក្តីណែនាំនានាជាបន្តបន្ទាប់ ដើម្បីបំផុសមហាជនចូលរួមដោយស្ម័គ្រចិត្ត ក្នុងចលនាប្រជាការពារ និងពង្រឹងសមត្ថភាពកម្លាំង ឱ្យក្លាយជាកម្លាំងជំនួយដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ការផ្តល់សេវាសាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ការអនុវត្តច្បាប់ចរាចណ៍ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រឿងញៀន អាជីវកម្មផ្លូវភេទ ការបង្ក្រាបសកម្មភាពក្មេងទំនើង ត្រូវតែយកចិត្តទុកដាក់ជម្រុញ និងពង្រឹងការអនុវត្តជាប់ជាប្រចាំ។

លោកបន្តថា ពិតណាស់ថ្មីៗនេះ ខេត្តពោធិ៍សាត់យើងទទួលបានចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស សម្រាប់ចលនាប្រឡងប្រណាំង ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ចំណាត់ថ្នាក់នេះ គឺជាកម្រិតបង្គួរ ដែលទាមទារឱ្យមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋ ខិតខំបន្តកិច្ចសហការផ្តល់ការគាំទ្រ និងចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឱ្យកាន់តែសកម្ម និងទទួលបានជោគជ័យបន្ថែមទៀត៕