(តាកែវ)៖ ជនរងគ្រោះដោយសារការរំលោភបំពានដីចំណីផ្លូវជាតិលេខ៣ នៅឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ពីសំណាក់អ្នកមានលុយនៅផ្សារថ្នល់បត់ បានអំពាវនាវអាជ្ញាធរខេត្តតាកែវ ជួយអន្តរាគមន៍ឲ្យបាន ឆាប់រហ័សចំពោះការរំលោភបំពានយ៉ាងគឃ្លើនលើដីចំណីផ្លូវ និងបានធ្វើរបងបិទផ្លូវដីរបស់ខ្លួន ដែលមានប្លង់កម្មសិទ្ធិស្របច្បាប់។

លោក ម៉ូន សម្បត្តិ ដែលជាម្ចាស់ដីដែលគេបានធ្វើរបងមុខដី បានថ្លែងថា ស្រ្តីឈ្មោះ ងាវ តង ដែលជាអាជីវករលក់មាសនៅផ្សារថ្នល់បត់ បានអះអាងថា ដីចំណីផ្លូវលេខ៣ នេះជាដី «អាស្រ័យផល» របស់គាត់ទើបបានជា គាត់ធ្វើរបង និងដាក់លូ ក៏ប៉ុន្តែដីរបស់គាត់មានប្លង់កម្មសិទ្ធិស្របច្បាប់ «ប្លង់រឹង» ត្រឹមត្រូវដែលចេញដោយមន្ទីរសូរិយោដី ខេត្តតាកែវ បានកំណត់ថា ដីរបស់គាត់ជាប់ និងផ្លូវជាតិលេខ៣ ហេតុដូច្នោះគាត់ស្នើសុំអាជ្ញាធរស្រុកសំរោង ជាពិសេសថ្នាក់ដឹកនាំខេត្តតាកែវ ចាត់វិធានការណ៍ម៉ឺងម៉ាត់ចំពោះទង្វើចាក់ដីធ្វើរបងរំលោភយកចំណីផ្លូវជាតិលេខ៣ ហើយបិទពីមុខដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ឲ្យបានឆាប់ៗ។

ដីដែលបុគ្គល ងាវ តង ធ្វើរបងនេះជាដីចំណីផ្លូវដែលគ្មានការទទួលស្គាល់ពីសំណាក់អាជ្ញាធឃុំ ឬមន្រ្តីសូរិយោដីស្រុកនោះទេ គឺបុគ្គលនេះលួចធ្វើស្ងាត់ៗ ហើយបើទោះបីជាអាជ្ញាធមូលដ្ឋាន និងអាជ្ញាធស្រុកចុះមកអន្តរាគន៍ ឲ្យបញ្ឈប់ការសាងសង់ និងឲ្យរុះរើក៏បុគ្គលខាងលើមិនព្រមធ្វើស្ដាប់តាមការណែនាំដែរ ហេតុដូច្នោះមានតែអាជ្ញាធរខេត្តតាកែវទេ ដែលអាចជួយអន្តរាគន៍បញ្ហានេះបាន។

ពាក់ព័ន្ធករណីរំលោភបំពានដីធ្លីនេះ លោក គឹម ណន មេឃុំបឹងត្រាញ់ខាងត្បូង បានលើកឡើងថា ដីដែលបុគ្គល ងាវ តង ទៅបោះបង្គោលថ្ននេះ ជាដីចំណីផ្លូវរបស់រដ្ឋ ហើយអាជ្ញាធឃុំមិនដែលបានបោះត្រា ឬទទួលដឹងឮពីការ ទិញដូរនោះទេ ព្រោះវាជាទង្វើខុសច្បាប់ ក្នុងការទិញលក់ដីចំណីផ្លូវរបស់រដ្ឋ។ ពាក់ព័ន្ធទៅនឹងការដាំបង្គើថ្មនេះ ខាងអាជ្ញាធរឃុំរួម និងមន្រ្តីសូរិយោដីស្រុកសំរោង បានចុះទៅហាមឃាត់ដែរ តែបុគ្គលខាងលើមិនស្ដាប់ តាមការណែនាំរបស់អាជ្ញាធនោះទេ។

ពាក់ព័ន្ធករណីសាងសង់បង្គោលមុខដីកម្មសិទ្ធិរបស់គេ ប្រធានសូរិយោដីស្រុកសំរោង លោក ហុង ឡាក់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា «បញ្ហានេះខ្ញុំបានចុះធ្វើកំណត់ហេតុហាមឃាត់ និងបានណែនាំឲ្យ ភាគីដាំបង្គោល រុះរើបង្គោលចេញក្នុងពេលឆាប់ៗនេះហើយ»។ បញ្ហានេះខាងភាគីរងគ្រោះ បានដាក់ពាក្យបណ្ដឹងនៅឃុំរួចរាល់ហើយ ហើយឃុំដោះស្រាយមិនចេញ ហើយបញ្ជូនមកស្រុក ស្រុកនឹងធ្វើការដោះស្រាយបន្តទៀត៕