(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ដល់ការផ្តួចផ្តើមរបស់សារព័ត៌មានត្នោតអ៊ែប (Tnot App) ក្នុងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយសី រវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលគ្រោងនឹងរៀបចំឡើង នៅក្នុងខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។

លោករដ្ឋមន្រ្តី សំដែងការគាំទ្រដូច្នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Tang Bingjian (Tony) អគ្គនាយកសារព័ត៌មានត្នោតអ៊ែប (Tnot App) នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

លោក Tang Bingjian (Tony) បានជម្រាបជូន រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពីទិសដៅនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយសី រវាងប្រជាជនកម្ពុជា និងប្រជាជនចិន ក្នុងគោលដៅផ្លាស់ប្តូរទំនាក់ទំនងផ្នែកវប្បធម៌ បង្កើនចំណងមិត្តភាពតាមរយៈការលេងកីឡារវាងប្រជាជាតិទាំងពីរ ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា-ចិន។

លោកអគ្គនាយក បានបញ្ជាក់ជូនដែរថា ដោយមានការជំរុញ និងលើកទឹកចិត្តពីដៃគូរអាជីវកម្ម អ្នកប្រើប្រាស់ និង គ្រាំទ្រសារព័ត៌មានត្នោត អ៊ែប ជាភាសាខ្មែរ-ចិន គណៈគ្រប់គ្រងបានសម្រេចផ្តួចផ្តើមបង្កើតនូវព្រឹត្តិការណ៍ប្រកួត កីឡាវាយសី ក្រោមប្រធានបទ «People to People Exchange Amateur Badminton Championship 2024» ដោយព្រឹត្តិការណ៍នេះ បង្កើតឡើងក្នុងទិសដៅផ្តល់ជូនឲ្យប្រជាជនកម្ពុជា និងប្រជាជនចិនដែលកំពុងធ្វើការ ប្រកបរបររកស៊ី ក៏ដូចជាកំពុងវិនិយោគនៅកម្ពុជា អាចមានឱកាសក្នុងការស្វែងយល់ និងរឹតចំណងមិត្តភាពរវាងប្រជាជនទាំងពីរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងចិន ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ឲ្យកាន់រឹងមាំទ្វេឡើងថែមទៀត៕