(កណ្ដាល)៖ លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល និងចៅក្រមទទួលបន្ទុកលោក វ៉ាន់ សុបញ្ញា បានសម្រេចចោទប្រកាន់ និងឃុំខ្លួនក្មេងទំនើងទាំងចំនួន៨នាក់ ដាក់ពន្ធនាគារពីបទចោទ «ធ្វើឱ្យខូចខាតដោយចេតនា (ទៅវិញទៅមក) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» តាមមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្ដីពីគ្រឿងញៀន។ នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។

ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤១០ បទធ្វើឱ្យខូចខាតដោយចេតនា៖ អំពើប្រព្រឹត្តិដោយចេតនា ដោយបំផ្លិចបំផ្លាញ ធ្វើឱ្យទ្រុឌទ្រោម ឬធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់នោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យប្រាក់ចាប់ ១,០០០,០០០រៀល ទៅ ៤,០០០,០០០រៀល លើកលែងតែករណីខូចខាតមានលក្ខណៈស្រាល។

ដោយឡែកច្បាប់ស្ដីពីគ្រឿងញៀនមាត្រា៤៥ បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជនណាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលស្ថិតក្រុងតារាងទី១ និងតារាងទី២ តាមគ្រប់រូបភាព និងធ្លាប់ទទួលរងនូវវិធានការព្យាបាលដោយបង្ខំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ ៦ខែ នឹងអាចត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី១០ ម៉ឺនរៀល ទៅ១លានរៀល។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសពី ៦ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ ២លានរៀល។

ដំណើររឿងក្រុមក្មេងទំនើង២ក្រុម ដែលតែងតែអុកឡុក បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបើកឆាកប្រយុទ្ធដោយប្រើដាវសាមូរ៉ៃ កាំបិត ត្រូវបានកងរាជអាវុធហត្ថខេត្តកណ្តាល បង្ក្រាបបានចំនួន ៨នាក់ រីឯផ្សេងទៀតកំពុងតាមចាប់ខ្លួន ក្រោយពួកគេបានធ្វើសកម្មភាពនាពេលកន្លងទៅ។

លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមន្ទីរជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ មានក្មេងទំនើងពីរក្រុមជិះម៉ូតូដេញកាប់គ្នាទៅវិញទៅមកយ៉ាងពពាក់ពពូន និងយកកាំបិត ដបកែវ ទៅកាប់ គប់បំផ្លិចបំផ្លាញ របស់ប្រជាពលរដ្ឋ កម្លាំងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្ត ទុកដាក់ ហើយបានកំណត់មុខសញ្ញាក្មេងទំនើងទាំងពីរក្រុមនេះ គឺជាមុខសញ្ញាចាស់ដែលតែងតែធ្វើសកម្មភាពអនាធិបតេយ្យជិះជ្រេ បង្ហោះម៉ូតូលើដងផ្លូវ ស្រែកហ៊ោកញ្ច្រៀវ កាប់ចាក់ វាយតប់គ្នានិងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់។

ករណីនេះ កើតហេតុនៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ចំណុចតូបលក់ផាក់ឡូវស្ថិតក្នុងភូមិព្រែកត្រែង ឃុំសំរោង ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបង្កឡើងដោយក្មេងទំនើងពីរក្រុមសរុប១៥នាក់ តែចាប់បាន៨នាក់។ លោកបានបន្តថា ករណីនេះកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បាននាំជនសង្ស័យទៅចាប់យកវត្ថុតាងមាន កាំបិតបុ័ងតោចំនួន ០១ កាំបិតផ្គាក់ចំនួន ០២ ម៉ូតូម៉ា YAMAHA (គ្មានស្លាកលេខ ) ចំនួន ០១គ្រឿង និងទូរសព្ទ័ដៃចំនួន ០៥គ្រឿង៕