(កណ្ដាល)៖ លោក អ៊ុំ សុភក្ដិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់ជនបរទេសចំនួន២នាក់ ករណីប្លន់រថយន្តពីជនជាតិខ្មែរនៅស្រុកកណ្ដាលស្ទឹង។ សំណុំរឿងនេះត្រូវបានបញ្ជូនទៅចៅក្រម ស៊ើបសួររួចរាល់ហើយ ក្រោមបទ «លួចមានស្ថានទម្ងន់» តាមបញ្ញត្តិមាត្រា ៣៥៧ ក្រមព្រហ្មទណ្ឌ។

នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ ដោយឡែកលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ពុំអាចទាក់ទងបានឡើយ។ ដូច្នេះសំណុំរឿងនេះពុំបានដឹងទេថា នៅដៃចៅក្រមរូបណា និងសម្រេចចោទប្រកាន់យ៉ាងណានោះទេ។

ករណីប្លន់រថយន្តនេះ បានកើតឡើងកាលពីថ្ងៃទី​២៧ ខែឧសភា​ ឆ្នាំ​២០២៤ វេលា​ម៉ោង ១៨:៣០នាទី​ ចំណុចភូមិ​ត្រពាំងវែង ឃុំ​ ត្រពាំងវែងស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​។ ជនរងគ្រោះមានឈ្មោះ យុង សុផាត ភេទប្រុស អាយុ៤៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរកា សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្ដាល មានមុខរបររត់ឡានស្នួល។ ចំណែកជនសង្ស័យ​ចំនួន០៤​នាក់រត់គេចខ្លួន​ ០២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនចំនួន២នាក់រួមមាន៖

*ទី១៖ ឈ្មោះ Nguyễn Thont Đồng ភេទប្រុស អាយុ​២៣ឆ្នាំ ជនជាតិវៀតណាម
*ទី២៖ ឈ្មោះ Li Jun Wei ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលថ្ងៃ​ទី២៧​ ខែ​ឧសភា​ ឆ្នាំ​២០២៤​ វេលាម៉ោង​ ០៨៖០០នាទី​ ជនរងគ្រោះ​បានបើក​រថយន្តចេញ​ពី​ផ្ទះ​របស់ខ្លួន ​យក​​ទៅ​ធ្វើ​នៅភ្នំពេញ​ និង​ទៅរក​ដឹកភ្ញៀវនៅ​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ​។

រហូត​ម៉ោង​១០៖០០នាទី​ ក្រុម​អ្នក​រត់​តាក់ស៊ីដូច​គ្នា ​បាន​នាំគ្នា​លេ​ង​ក្នុង​គ្រុប​ឆាត​ថា មាន​ជនជាតិ​ចិន ​រក​ជួល​រថយន្ត ​ពេលនោះ​ជនរងគ្រោះ​បាន​ឆាត​ទៅ​ជនជាតិ​ចិន​ខាង​លើ រួច​ជនជាតិ​ចិន​បានដាក់​ទីតាំង​ឱ្យជនរងគ្រោះ​ទៅជួបម្តុំ​ស្ពាន​អាកាស​ផ្សារ​ដីហុយ​។

ពេល​ទៅដល់ ​ជនរងគ្រោះ​បាន​ជួប​ជនជាតិ​ចិន ហើយ​ជនរងគ្រោះ ​បាន​សួរ​ជន​ជាតិ​ចិនតាម​រយៈ​ទូរស័ព្ទ​បកប្រែ​ភាសា​ថា «​ចង់​ទៅ​ណា​ ហើយ​ជនជាតិ​ចិន​បាន​តបវិញ​ថា ទៅច្រកព្រំដែន​ព្រែកចាក (ទៅវិញទៅមក) រួច​ជនរងគ្រោះ​បាន​ទារថ្លៃដឹកទៅវិញ​ទៅ​មក​ក្នុង​តម្លៃ​១៩០ដុល្លារ​»។

ជនជាតិចិន​​បាន​តថ្លៃ​មកត្រឹម១៤០​ដុល្លារ​ ហើយ​ជនរងគ្រោះ​បាន​យល់ រួចក៏​ដឹក​ជនជាតិ​ចិន​នោះ ​ទៅច្រក​ព្រំដែន​ព្រែកចាក​។ ពេល​ទៅដល់ ជន​ជាតិ​ចិន​ខាងលើ​បាន​ជួបនារី​ជន​ជាតិ​ចិន​ដូចគ្នា។

ដោយឡែក​ជនរងគ្រោះ​ អង្គុយចាំនៅរថយន្ត។ ពេល​ហូប​បាយ​រួច ​ជន​ជាតិ​ចិន​ បាន​នាំគ្នាដើរ​ចូល​កន្លែង​អនឡាញ​នៅ​ទី​នោះបាត់​ប្រហែល​មួយម៉ោង ទើប​ជន​ជាតិ​ចិនដើរ​ចេញមក ​និង​នាំ​ជនជាតិ​វៀតណាម៣នាក់ទៀត មក​ជាមួយតែ​ពុំឃើញជន​ជាតិ​ចិន​ស្រីនោះចេញមកទេ​។

ពេល​នោះ​ជនរងគ្រោះ ​បាន​បើក​រថយន្ត​ដឹក​ជនជាតិ​ចិន​ និង​ជនជាតិ​វៀតណាម៣​នាក់​ទៀត ​ត្រឡប់​មក​ភ្នំពេញ​វិញ ​ដោយ​បើក​រថយន្ត​តាមបណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​។ លុះដល់​ចំណុច​កើតហេតុ​ ​ជន​ជាតិ​វៀតណាមទាំង​៣នាក់ បាន​ព្រួត​គ្នា​វាយ​ជន​ជាតិ​ចិន​តែម្តង​។

ឃើញ​ដូចនោះ​ជនរងគ្រោះ​ភ័យ​បានអែប​រថយន្ត​ចូល​គៀន ហើយរត់ចុះ​ពី​​រថយន្ត​តែ​ពុំ​ពន្លត់​ម៉ាស៊ីន​ទេ​ ហើយ​ជនរងគ្រោះ​បាន​ដើរចូល​ទៅ​ពន្លត់​ម៉ាស៊ីន​រថយន្ត​វិញ ក៏ត្រូវ​​ជន​ជាតិវៀត​ណាមចាប់ដៃ​ និង​បាន​ដណ្ដើម​សោរថយន្តពីចង្កេះខោរបស់ជនរងគ្រោះ រួច​បើក​រថយន្ត​គេច​ខ្លួន រហូត​ដល់​ចំណុច​ឃុំ​គរគីធំ​ ស្រុក​កៀនស្វាយ​ ទើបកម្លាំង​នគរបាល​ស្រុក​កៀនស្វាយ​ ​ឃាត់បាន​ចំនួន​ពីរ​នាក់​ ចំណែក​ជនជាតិ​វៀតណាម​២​នាក់​ទៀត ​ចុះពីលើ​រថយន្ត​រួច​គេចខ្លួន​បាត់។​ ​ជនសង្ស័យ​ទាំង​២នាក់ ​ត្រូវ​បាន​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ​ប្រគល់​ជូន​កម្លាំង​ផ្នែក​ជំនាញ​ស្រុក​កណ្ដាល​ស្ទឹង ​ដើម្បី​ធ្វើការសាកសួរ​។

ក្រោយ​ធ្វើ​ការ​សាកសួរ​រួច ​ជនសង្ស័យ​ជនជាតិ​ចិន​ បាន​ឆ្លើយ​សារភាពថា​ ខ្លួនត្រូវ​បាន​មិត្ត​ភ័ក្តិ​ម្នាក់​ទៀតឈ្មោះ​ Zhu bao ឱ្យទៅ​ទទួល​ភ្ញៀវ​ជនជាតិ​វៀតណាម៣​នាក់​ខាងលើ​ ពីច្រកព្រំដែនព្រែក​ចាក​ ដើម្បី​ទៅធ្វើ​ការ​នៅ​ច្រកព្រំដែន​ជ្រៃធំ។

ដោយឡែក​ជនជាតិ​វៀតណាម បាន​ឆ្លើយ​សារភាពថា ​ខ្លួនត្រូវ​បាន​ជនជាតិ​ចិនលោះខ្លួន ​ចេញ​ពី​កន្លែង​អនឡាញ​មួយ​កន្លែង​នៅ​ម្តុំ​ច្រកព្រំ​ដែន​ព្រែក​ចាក ដើម្បី​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ ពេល​ជិះ​រថយន្ត​ដល់​ចំណុច​កើតហេតុ​ខាងលើ​បក្ខពួក​ខ្លួន​០២​នាក់​ទៀត ​បាន​វាយ​មកលើ​ជនជាតិ​ចិន​ និង​បាន​គំរាម​ឱ្យជូន​ខ្លួន​ និង​បក្ខពួក​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ ទើបវាយជនរងគ្រោះដណ្តើមសោបើកគេចខ្លួន៕