(ភ្នំពេញ)៖ លោកស្រី ប៉ាន់ ត្រាប្រណី គុណ ញឹម តំណាងលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគម សង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារសប្បុរសធម៌ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌របស់សមាគមសង្គហមិត្ត ប្រគល់ជូនសមាគមស៊ីក្លូកម្ពុជា និងអ្នកធាក់ស៊ីក្លូចំនួន ១១១នាក់។

ក្នុងឱកាសនោះ លោកស្រី ប៉ាន់ ត្រាប្រណី គុណ ញឹម បានសម្តែងសេចក្តីរីករាយ ក្នុងការចូលរួមចំណែកជួយសម្រាលការលំបាក ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាអ្នកប្រកបរបរធាក់ស៊ីក្លូ ព្រមទាំងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ លោកបណ្ឌិត គុណ ញឹម ផងដែរ។

លោកស្រីបានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលដែលបានបង្កើត «មូលនិធិត្រីចក្រយានយន្ត ឬ មូលនិធិស៊ីក្លូ» ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ដែលបានក្លាយជាផ្នែកមួយ នៃប្រព័ន្ធគាំពារសង្គម ក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ជាអ្នកធាក់ស៊ីក្លូឲ្យទទួលបានសេវាសង្គមកិច្ច និងសុខាភិបាល ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយថាមពលរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកស្រីបានជម្រាបបន្ថែមថា ចាប់ពីពេលមានវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ សមាគមសង្គហមិត្តតែងបានរៀបចំកម្មវិធីសប្បុរសធម៌ជារៀងរាល់ឆ្នាំ ដើម្បីជួយសម្រាលការលំបាក របស់សមាគមស៊ីក្លូកម្ពុជា និងអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលគិតមកដល់ពេលនេះ មានចំនួន ៥លើក មកហើយ។ លើសពីនេះ សមាគមក៏បានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់អង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះផ្សេងៗផងដែរ។ ចំពោះអំណោយសប្បុរសធម៌ដែលបានប្រគល់ជូនអ្នកធាក់ស៊ីក្លូម្នាក់ៗនាពេលនេះ រួមមាន មីជាតិ ១កេស, ត្រីខកំប៉ុង ១យួរ, ភេសជ្ជៈ ១កេស, អាហារសម្រន់ ១ប្រអប់, អាវភ្លៀង ១ឈុត និងថវិកាមួយចំនួន។

ឆ្លើយតបចំពោះទឹកចិត្តដ៏សប្បុរសនេះ លោកស្រី ឡុង សុខហ៊ួយ ប្រធានសមាគមស៊ីក្លូកម្ពុជា និងអ្នកធាក់ស៊ីក្លូទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកស្រី ប៉ាន់ ត្រាប្រណី គុណ ញឹម ព្រមទាំងសហការីទាំងអស់ ដែលតែងផ្តល់ការឧត្ថម្ភគាំទ្រ ជាប្រចាំដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ដើម្បីលើកទឹកចិត្ត និងអភិរក្សស៊ីក្លូនៅកម្ពុជា ឲ្យមានវត្តមានយូរអង្វែងតទៅមុខ៕

http://image.freshnewsasia.com/2021/id-132/fn-2024-05-31-15-00-25-7.JPG http://image.freshnewsasia.com/2021/id-132/fn-2024-05-31-15-00-26-8.JPG http://image.freshnewsasia.com/2021/id-132/fn-2024-05-31-15-00-26-9.JPG http://image.freshnewsasia.com/2021/id-132/fn-2024-05-31-15-00-26-10.JPG