(ភ្នំពេញ)៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានបន្សល់នូវព្រះរាជទស្សនៈសំខាន់ៗយ៉ាងតិច៩ប្រយោគ ដើម្បីដាស់តឿនស្មារតីកុលបុត្រនិងកុលធីតាខ្មែរគ្រប់រូបឱ្យជួយថែរក្សាជាតិ សាសនា គោរពព្រះមហាក្សត្រ រក្សាការពារសន្តិភាព ប្រកាន់នូវព្រហ្មវិហារធម៌ សាមគ្គីធម៌ សង្គហធម៌ និងរួមគ្នាបន្តវឌ្ឍនភាពប្រជាជាតិមួយនេះឱ្យកាន់តែរីកចម្រើន។

បើតាមព្រះថេរដីការបស់សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ឧត្តមទីប្រឹក្សានៃគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកត់ត្រា ចងចាំនូវព្រះរាជបន្ធូលរបស់សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស និងយកមកផ្សព្វផ្សាយក្នុងសិក្ខាសាលាស្ដីពីការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៅទីស្ដីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា មានព្រះថេរដីកាអំពីព្រះរាជជីវប្រវត្តិរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស។

សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ក៏មានព្រះថេរដីកាពីព្រះរាជទស្សនៈសំខាន់ៗរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលមានយ៉ាងតិច៩ប្រយោគ រួមមាន៖

ទី១៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះអង្គតែងមានព្រះរាជបន្ទូលថា «ដឹងគុណជានិច្ច និងការពារឱ្យបាននូវស្មារតី២ធ្នូ និងជ័យជម្នះ៧មករា១៩៧៩»។ ប្រយោគនេះគឺជាស្មារតីដែលសម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស តែងមានព្រះរាជបន្ទូលរំឭកគ្រប់វេទិកានានា យ៉ាងហោចណាស់ក៏៥នាទីដែរ ដោយហេតុថ្ងៃប្រវត្តិសាស្ត្រទាំងនេះ គឺជាព្រះរាជជន្មាទី២របស់ព្រះអង្គ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ, សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា មានព្រះថេរដីកាពន្យល់បន្ថែម។

ទី២៖ «យើងទទួលយកពហុបក្ស តែមិនទទួលយកពហុជម្លោះ»។

ទី៣៖ «ព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិតា និងឧបេក្ខា) គឺជាស្នេហ៍ដ៏ស័ក្តិសិទ្ធិបំផុត»។

ទី៤៖ «សាមគ្គីធម៌ គឺជាស្នូលនៃការបង្រួបបង្រួមជាតិ និងសាសនា»។

ទី៥៖ «ធម៌ញុះញង់ គឺជាសត្រូវនៃសាមគ្គីធម៌ ត្រូវមានសតិនិងការរឭកជានិច្ចក្នុងគ្រប់ការងារ»។

ទី៦៖ «សង្គហធម៌ ជាធម៌សង្គ្រោះ រមែងនាំមកនូវការគោរពនិងស្រឡាញ់ពីអ្នកដទៃ»។

ទី៧៖ «សន្តិភាព ជាបណ្ដូលនៃការអភិវឌ្ឍជាតិ និងសាសនា»។

ទី៨៖ «ជាតិខ្មែរ ត្រូវមានសាសនា និងព្រះមហាក្សត្រ»។

ទី៩៖ «កុលបុត្រនិងកុលធីតាខ្មែរគ្រប់រូប ត្រូវមានមនសិការជាតិ តម្កល់ផលប្រយោជន៍ជាតិនិងសាសនាជាធំ ត្រូវជៀសវាងឱ្យបាននូវអំពើពុករលួយ ត្រូវរក្សាតម្លាភាពនិងភាពស្អាតស្អំក្នុងគ្រប់កិច្ចការងារទាំងអស់»។

សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា មានព្រះថេរដីកាបន្ថែមថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស កាលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គតែងតែមានព្រះរាជបន្ទូលស្ទើរគ្រប់ទីកន្លែង ស្ទើរគ្រប់វេទិកា ទោះបីគ្មានចំណុចណាមួយ ក៏មានចំណុចមួយផ្សេងទៀតនៃទស្សនៈទាំងនេះដែរ។

គួររំឭកថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលទិវង្គតនៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង៥៖៤០នាទីល្ងាច ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅព្រះរាជដំណាក់វត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នឹងប្រារព្ធឡើងនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ៕

សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា