(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំត្រួតពិនិត្យគ្រឿងញៀនខេត្ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងធ្វើតេស្តរកសារធាតុញៀន ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃរដ្ឋបាលខេត្ត។

ក្នុងពិធីនេះ មានការចូលរួមពី លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្ត អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត មេបញ្ជាការ អ.ហ ខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក រួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័នផងដែរ។

ក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានស្នើដល់ លោក-លោកស្រី អភិបាលក្រុង-ស្រុក ត្រូវចូលរួមសហការឲ្យបានល្អបំផុត ដើម្បីឲ្យការធ្វើតេស្តរកសារធាតុញៀន តាមទឹកនោម ទទួលបានលទ្ធផល ល្អប្រសើរ។

លោកស្រីអភិបាលខេត្ត បានបន្ថែមថា ចំពោះឧបករណ៍តេស្ត ខេត្តទទួលបានពីក្រសួងមហាផ្ទៃចំនួន៤០០តេស្ត ពីស្នងការដ្ឋាននគរបាលខេត្តចំនួន ៥០០តេស្ត សរុបរួមចំនួន ៩០០តេស្ត ដោយឡែកមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានទិញរួចហើយ ចំនួន៣០៩តេស្ត សម្រាប់ធ្វើតេស្តមន្ត្រីនៅក្នុងមន្ទីរ។

លោកស្រី មិថុនា ភូថង បានបញ្ជាក់ថា ការធ្វើតេស្តរកសារធាតុញៀន តាមទឹកនោមដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា បើរកឃើញសារធាតុញៀន រដ្ឋបាលខេត្ត នឹងលុបឈ្មោះមន្ត្រីរូបនោះ ចេញពីក្របខណ្ឌរបស់រដ្ឋ និងទទួលទោសទៅតាមផ្លូវច្បាប់ជាធរមាន៕