(ពោធិ៍សាត់)៖ គួរឲ្យអាសូរណាស់លោកអើយ បុរសម្នាក់ទើបតែទិញក្របីបាន ហើយត្រូវក្របីវ័ធស្លាប់ ខណៈដឹកក្របីចុះពីលើរថយន្តហើយដឹកទៅផ្ទះ។ ហេតុការណ៍ដែលគួឲ្យភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ម៉ាត់ ឡេះ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅទិញក្របី ពេលទិញបានហើយនោះ បានទម្លាក់ចុះក្របីពីរថយន្ត រួចដឹកទៅផ្ទះ ស្រាប់តែមិនដឹងជាយ៉ាងម៉េច ពេលទៅដល់ផ្ទះ ក្របីក៏ស្រាប់តែស្ទុះទៅវ័ធបុរសរងគ្រោះចំដើមទ្រូង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ បច្ចុប្បន្នសាកសពបុរសរងគ្រោះ ត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណីខ្មែរឥស្លាម៕