(បន្ទាយមានជ័យ)៖ លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២ គណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយជូនកម្មករអូសរទេះដែលប្រឆាំងតវ៉ា ជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្រ្តីគយ និងរដ្ឋាករនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ក្នុងឱកាសនោះ លោក សៀក សុជាតិ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាតដល់អាជ្ញាធរសមត្ថកិច្ចដែលឈរជើងតាមច្រកទ្វារព្រំដែន ត្រូវធ្វើការសហការឲ្យបានជិតស្និត ជាមួយអាជ្ញាធរភាគីថៃ ទប់ស្កាត់ បង្ក្រាបក្រុមហ៊ុនដែលមានទីស្នាក់ការនៅប្រទេសថៃ មិនឲ្យមានការនាំចេញទំនិញគេចពន្ធចូលមកប្រទេសកម្ពុជា តាមរយៈពលករអូសរទេះបន្តទៀត។

ក្រៅពីនេះ លោកបានណែនាំសមាជិកក្រុមការងារ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ស្ថិតិពលករ និងប្រជាពលរដ្ឋដែលអូសរទេះ ដើម្បីធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ដែលនាំទំនិញគេចពន្ធ ចូលមកកម្ពុជាឲ្យ បានយល់ដឹងពីច្បាប់ផ្នែកពន្ធគយ និងបញ្ឈប់ការនាំអីវ៉ានគេចពន្ធចូលតាមច្រកអន្តរជាតិប៉ោយប៉ែត ដែលជាច្រកសម្រាប់បម្រើការវិស័យទេសចរប៉ុណ្ណោះ។

លោក សៀក សុជាតិ បានណែនាំមន្ត្រីសមត្ថកិច្ចប្រចាំការនៅច្រកទ្វារប៉ោយប៉ែត ត្រូវសហការទប់ស្កាត់កុំឲ្យមានទំនិញខុសច្បាប់ចូលមកកម្ពុជា និងចៀសវាងកុំឲ្យមានជម្លោះជាមួយប្រជាពលរដ្ឋ និងជួយការពារដល់ភ្នាក់ងារគយ ដែលនៅទីនោះ ដើម្បីជួយសម្រួលដល់ពួកគាត់មានលទ្ធភាពក្នុងការប្រមូលពន្ធជូនជាតិ។

លោកក៏បានសំណូមពរដល់សមាជិកអង្គប្រជុំ ត្រូវចូលរួមអនុវត្តវិធាវការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ឲ្យបានម៉ឹងម៉ាត់ និងហ្មត់ចត់ និងចូលរួមដោះស្រាយភាពមិនប្រក្រតី ដែលកើតមានឡើងតាមបណ្តោយព្រំដែន ពិសេសត្រូវជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ ចៀសវាងមិនឲ្យមានជម្លោះណាមួយ ជាមួយអាជ្ញាធរតាមបណ្តោយព្រំដែន ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់ប្រទេសជាតិ៕