(ព្រៃវែង)៖ ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ០៣ខ្នងជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ យន្តការី និងភស្តុភារ ឆ្នាំ២០២៣ បន្តបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលឆ្នាំ២០២៤ នៅសាលាបើកបរ ទីចាត់ការចលនូប្បត្ថម្ភ ស្ថិតនៅភូមិសាស្ត្រភ្នំឈើកាច់ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា សាលាបើកបរក្រោមការដឹកនាំផ្ទាល់របស់ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ ថ្មីៗនេះបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីបម្រើឱ្យការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាល មានជាអាទិ៍ អគារចំនួន៣ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំកសាងដោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាលលោកនៅជាអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អគារ២ទៀតជាអំណោយរបស់ក្រសួងការពារជាតិ និង២អគារផ្សេងទៀត
ជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាម និង១អគារជាអំណោយយោធាខេត្តដុងណាយ ១អគារជាអំណោយក្រុមហ៊ុនមិត្តហ្វូន
ព្រមទាំងអគារចំនួន២ខ្នងទៀតជាអំណោយថ្នាក់ដឹកនាំទីចាត់ការចលនូប្បត្ថម្ភដែលត្រូវដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ។

ឆ្លៀតក្នុងឱកាសនេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានពាំនាំនូវការផ្តាំផ្ញើរសួរ សុខទុក្ខ ក្តីនឹករឮក ពីសំណាក់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ចំពោះសិក្ខាកាមទាំងអស់ ដែលជាការ អភិវឌ្ឍន៍វិស័យធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ ដើម្បីមាន សមត្ថភាពគ្រប់គ្រាន់ ក្នុងបុព្វហេតុនៃកិច្ចការពារជាតិ។

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ ស្ថាប័នជំនាញ ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បញ្ជាការកងទ័ពជើងគោក ក្រុមការងារគ្រប់គ្រងវគ្គ យោធាចារ្យ គ្រូជំនាញ គ្រូឧទ្ទេសនាម និងបណ្ដាស្ថាប័នជំនាញពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធ ក្នុងកិច្ចដំណើរការរៀបចំកម្ម វិធីសិក្សា ខ្លឹមសារមេរៀន សហការបង្ហាត់បង្រៀន ផ្តល់បទឧទ្ទេសនាមដល់សិក្ខាកាមទាំង៣ ជំនាញ ដែលយើងកំពុងប្រារព្ធពិធីបិទវគ្គនាពេលនេះ។

ក្នុងពិធីដ៏មានអត្ថន័យនេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានណែនាំ និងផ្តាំផ្ញើចំពោះសាលាបើកបរ និងសិក្ខាកាមរួមមាន៖

ទី១-យោធិនគ្រប់រូបត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល
ទី២-យោធិនគ្រប់រូបត្រូវគោរពច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងបទបញ្ជា
ទី៣-សាលាត្រូវយកចិត្តទុកដាក់ លើកទឹកចិត្តចំពោះយោធាចារ្យដែលមានវ័យចំណាស់
ទី៤-យោធិនគ្រប់រូបត្រូវគោរពដាច់ខាតបទបញ្ជារបស់រាជរដ្ឋាភិបាល និងអគ្គបញ្ជាការ ស្តីពីការដាក់ចេញវិធានការណ៍ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
ទី៥-សិក្ខាកាមត្រូវបន្តយកចិត្តទុកដាក់ ស្រាវជ្រាវ រៀនសូត្របន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពយល់ដឹងរបស់ខ្លួន៕