(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ អគ្គនាយកផលិតកម្ម Galaxy Navatra បានប្រកាសនៅថ្ងៃនេះថា អ្នកឧកញ៉ាសូមចូលរួមបរិច្ចាគថវិកាចំនួន ១០លានរៀលក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ ដល់សមាគមសិល្បករខ្មែរ ដើម្បីចូលរួមចំណែកជួយសម្រាលទុក្ខលំបាករបស់សិល្បករចាស់ជរា អ្នកសិល្បៈបាត់បង់សមត្ថភាព និងបេសកកម្មមនុស្សធម៌ផ្សេងៗ ដែលសមាគមធ្លាប់ធ្វើជាហូរហែកន្លងមក។

ការប្រកាសចូលរួមឧបត្ថម្ភរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺក្នុងឱកាសដែលសមាគមសិល្បករខ្មែរ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានរៀបចំព្រឹត្តិការណ៍ «អ្នកស្នងមរតក» នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីជាការដឹងគុណដល់ព្រឹទ្ធាចារ្យសិល្បៈ រៀមច្បងសិល្បៈ និងអ្នកសិល្បៈជំនាន់មុន ដែលបានបន្សល់ទុកនូវស្នាដៃសិល្បៈវប្បធម៌ដ៏ល្អផូរផង់ ដល់កូនចៅជំនាន់ក្រោយ និងជាកេរដំណែលមិនអាចកាត់ថ្លៃបាន។

ជាមួយគ្នានេះព្រឹត្តិការណ៍ «អ្នកស្នងមរតក» ដែលផ្ដួចផ្ដើមបង្កើតឡើងដោយប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងដោយមានការអញ្ជើញចូលរួមពីព្រឹទ្ធាចារ្យសិល្បៈ សិល្បករ-សិល្បការិនីប្រមាណ ២០០០នាក់ ក៏ដើម្បីជាការលើកទឹកចិត្ត និងផ្សព្វផ្សាយពីគោលការណ៍ ដែលជាបេសកកម្មរបស់សមាគមសិល្បករខ្មែរ ក្នុងការការពារ លើកស្ទួយសិល្បករចាស់ជរាគ្រប់ទម្រង់ផងដែរ។

សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះមានសប្បុរសជន និងថ្នាក់ដឹកនាំជាច្រើននាក់មកហើយ ដែលបានប្រកាសពីការជួយឧបត្ថម្ភដល់សមាគមសិល្បករខ្មែរ តាមរយៈព្រឹត្តិការណ៍ «អ្នកស្នងមរតក»។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្រេចជួយឧបត្ថម្ភទ្រទ្រង់ សមាគមសិល្បករខ្មែរចំនួន ១០ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤នេះតទៅ៕