(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា វិនិយោគិនចិនបានឈរលំដាប់ទី១ នៅកម្ពុជា ដែលបានបណ្តាក់ទុនវិនិយោគច្រើនជាងរហូតដល់ជិត ១៥ប៊ីលានដុល្លាអាមេរិក។
បញ្ជាក់តាមរយៈគេហទំព័រ Facebook ផ្លូវការរបស់ខ្លួន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងយ៉ាងដូច្នេះថា «ចាប់តាំងពីឆ្នាំ១៩៩៤ មក វិនិយោគិនចិនឈរនៅលំដាប់ទី១ ក្នុងចំណោមវិនិយោគផ្ទាល់ ពីបរទេស ដោយបានបណ្តាក់ទុន នៅកម្ពុជាប្រមាណជិត១៥ប៊ីលានដុល្លារអាមេរិក»។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើបទបង្ហាញដល់វិនិយោគិនចិន នៅក្នុងវេទិកាកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការវិនិយោគកម្ពុជា-ចិនលើកទី១ នៅទីក្រុងណាននីង ប្រទេសចិន ក្នុងគោលបំណងទាក់ទាញវិនិយោគិនចិន ឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។
គួរបញ្ជាក់ថា ចិនមិនត្រឹមតែជាប្រទេស ដែលវិនិយោគច្រើនជាងគេនៅកម្ពុជានោះទេ ប៉ុន្តែប្រទេសនេះក៏បានផ្តល់ជំនួយដល់កម្ពុជាច្រើនជាងគេផងដែរ៕