(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក»

កម្មវិធីជួបជុំទ្រង់ទ្រាយធំ ​និងមហោឡារិកនេះ រៀបចំឡើងដោយសមាគមសិល្បករខ្មែរ មានការអញ្ជើញចូលរួមពីសិល្បករ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកជំនួញ សរុបជិត ៣០០០នាក់។

កម្មវិធីជួបជុំនេះ កើតមានឡើងបន្ទាប់ពីសមាគមទើបនឹងបោះឆ្នោតឆ្នោតជ្រើសតាំង​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បករខ្មែរ​សម្រាប់​អាណត្តិទី៦ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។

ការជួបជុំនេះ ជាឱកាសមួយ​ទទួល​យកនូវ​​អនុសាសន៍​ថ្មីៗពីសម្តេចធិបតីប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា ដើម្បីសមាគម​យក​​ទៅអនុវត្តន៍រួមចំណែកអភិរក្ស អភិវឌ្ឍ និងលើក​ស្ទួយវប្បធម៌សិល្បៈជាតិខ្មែរ។

បន្ថែមពីលើនោះកម្មវិធីដែលធ្វើឡើងក្រោមទិស «រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី» គឺជា​ការចងចាំ និងដឹងគុណដល់គ្រប់ស្ថាបនិកសមាគម និងសិល្បកររៀមច្បង​គ្រប់ជំនាន់ ហើយ​ក៏ជាសក្ខីភាពនៃការចាប់ផ្តើមការកសាងធនធានសិល្បករជំនាន់ថ្មីពីព្រឹទ្ធ សិល្ប​ករ​​​ដែលជារៀមច្បង ក្នុងក្តីរំពឹងថា សិល្បៈវប្បធម៌ខ្មែរ នឹងបន្តអត្ថិភាព​ជានិច្ចនិរន្តន៍។

សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរ បានបង្កើតឡើងនៅឆ្នាំ២០០៦ មកដល់​ពេល​នេះ​មានរយៈពេល ១៧ឆ្នាំមកហើយ ក្រោមការផ្តួចផ្តើមគំនិតពីក្រុមសិល្បករ​រៀម​ច្បង។ គិតមកដល់ពេលនេះមានរយៈពេល៦អាណត្តិហើយ ក្នុងនោះអាណត្តិទី១ ដឹកនាំដោយលោក អៀង ស៊ីធុល, អាណត្តិទី២ ដឹកនាំដោយ លោក មិញ សុធីវណ្ណ, អាណត្តិទី៣ និងទី៤ ដឹកនាំដោយដោយលោក សុះ ម៉ាច និងអាណត្តិទី៥ ដោយលោកស្រី ចន ច័ន្ទលក្ខិណា។

បន្ទាប់ពីជាប់ឆ្នោតដឹកនាំសមាគមសិល្បករខ្មែរអាណត្តិទី៦ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ អ្នក​ឧកញ៉ា ម៉ៅ ចំណាន បានធ្វើសកម្មភាពជាច្រើនក្នុងការ​រៀប​ចំរចនាសម្ព័ន្ធដឹកនាំសមាគមឱ្យបានល្អប្រសើរ។

ត្រឹមតែរយៈពេល៣សប្តាហ៍ប៉ុណ្ណោះ សមាគមបានខិតខំប្រឹងប្រែងរៀបចំ​ទីស្នាក់ការ​សមា​គម​ឱ្យបានសមរម្យ ដើម្បីជាមូលដ្ឋានរដ្ឋបាលសម្រាប់ឱ្យសិល្បករ ដែលជាសមា​ជិក​អចិន្ត្រៃយ៍របស់សមាគមមានទីកន្លែងបំពេញការងាររបស់ខ្លួន។

សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគម និងអ្នកឧកញ៉ាជាប្រធានសមាគម ក៏បាន​ពិភាក្សា​រៀបចំសមាសភាព គណៈកម្មការប្រតិបត្តិ និងបទបញ្ជាផ្ទៃក្នុង និងបានធ្វើការ​ប្រជុំជាញឹកញាប់អំពីផែនការជាទស្សនវិស័យ និងចក្ខុវិស័យរបស់សមាគម។ មិនត្រឹម​តែ​ប៉ុណ្ណោះ សមាគមថែមទាំងបានអញ្ជើញសិល្បករគ្រប់ទម្រង់ជាច្រើន​រូបដែល​សុទ្ធ​សឹងជាសិល្បករដែលមានបទពិសោធន៍យូរឆ្នាំមកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកគន្លឹះសំខាន់ៗដើម្បីជាធាតុចូលក្នុងការគ្រប់គ្រងដឹកនាំសមាគម និង ពិនិត្យ​ភាព​អវិជ្ជ​មានផ្សេងៗដើម្បីធ្វើការកែទម្រង់។

ចំណែកឯកិច្ចការសប្បុរសធម៌វិញ សមាគមបានចុះសួរសុខទុក្ខដល់សិល្បករចាស់ជរា មានដូចជាវីរៈសិល្បករចាប៉ីដងវែង លោកតា គង់ ណៃ ដែលសម្រាកនៅមន្ទីរពេទ្យ និង​លោកយាយភរិយាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និងសិល្បករមួយ​ចំនួន​ដែល​ជួបបញ្ហាបាត់បង់ជីវិត ឬគ្រួសារត្រូវបានបាត់បង់ជីវិត។ លើសពីនោះទៀត សមាគមក៏​បាន​រួមចំណែកបរិច្ចាគដល់កម្មវិធីសម្ដែងសិល្បៈមួយចំនួនទៀតផងដែរ។

ជាមួយគ្នានេះកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីនេះ អ្នកឧកញ៉ាប្រធានសមាគម រួមជាមួយគណៈគ្រប់គ្រងសមាគម ក៏ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ឱ្យចូលជួបសម្តែងការគួរសម និងទទួលនូវអនុសាសន៍មួយចំនួនផងដែរ។

ក្នុងជំនួបសម្តែបការគួរសមនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភ​ថវិកា​ទ្រទ្រង់​សកម្មភាពសមាគមរយៈពេល៥ឆ្នាំ ក្នុងមួយឆ្នាំ១០ម៉ឺនដុល្លារ។

សម្តេចតេជោ បានថ្លែងកោតសរសើរការចាប់ផ្តើមអាណត្តិថ្មីរបស់សមាគម មានភាព​រឹងមាំ សាមគ្គីភាព និងមានរចនាសម្ព័ន្ធដឹកនាំ និងមានលទ្ធភាពខ្ពស់ក្នុងការធ្វើ​សកម្ម​ភាព​នានា។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានផ្តល់អនុសាសន៍ឱ្យរកវិធីសាស្ត្រជួយពង្រឹង​តួនាទី​របស់​សិល្បករសម្រាប់រយៈពេលវែង ដូចជាជួយដល់ការបណ្តុះបណ្តាលកូនសិល្បករ ហើយនៅពេលរៀនចប់ ជួយពួកគេរកការងារធ្វើ។

សម្តេចតេជោ បានណែនាំឱ្យពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សាតម្លៃសិល្បករ សិល្បការិនី៕