(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ការចូលរួមតាមការអំពាវនាវ និងទាញយក App NoDrug មកប្រើប្រាស់នាំឱ្យបញ្ហាគ្រឿងញៀននៅមូលដ្ឋានថយចុះ។

ការថ្លែងបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ០០៦ សសរ.អ.ជ.ប.គ.ញ.ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការបង្កើតគណ:គ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ជាការប្រជុំដោដោយផ្ទាល់និងពីចំងាយ Zoom ដែលមានអ្នកចូលរួមពីថ្នាក់ជាតិ និងក្រោមជាតិ (រាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក)។

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង និងជាអនុប្រធានប្រចាំការគណ:គ្រប់គ្រង App Nodrug បានអាននូវសេចក្តីសម្រេចលេខ០០៦ ពីសមាសភាព តួនាទី ភារកិច្ច ព្រមទាំងផ្តល់បទបង្ហាញពីមុខងារ App Nodrug៖ https://nodrugsnacd.com/download_kh ដើម្បីប្រសិទ្ធភាពឆ្លើយតបនឹងសភាពការណ៍ និងបញ្ហាប្រឈមនានាដែលជួបប្រទះ។

ក្នុងនាមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានសាទរ និងលើកទឹកចិត្តឱ្យចូលរួម បំផុសឱ្យបន្ត ផ្សព្វផ្សាយនូវសេចក្តីអំពាវនាវ ជំរុញការទាញយកកម្មវិធី App Nodrug ពីសំណាក់សាធារណជន ពិសេសយុវជន ដើម្បីទទួលចំណេះដឹង រាយការណ៍ករណីគ្រឿងញៀនក្នុងមូលដ្ឋាន ដើម្បីចូលរួមធ្វើឱ្យសម្រេចបាននូវ ឆន្ទ:ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត កាត់បន្ថយនិងឈានទៅលុបបញ្ហាគ្រឿងញៀន «រួមគ្នាដើម្បីជិវិតនិងសហគមន៍គ្មានគ្រឿងញៀន»

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បន្តថា ការចូលរួមតាមការអំពាវនាវ និងទាញយក App NoDrug មកប្រើប្រាស់របស់សាធារណជនមានន័យថា ចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងនាំឱ្យបញ្ហា គ្រឿងញៀននៅមូលដ្ឋានថយចុះ ហើយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវតែចូលរួមដោះស្រាយនូវព័ត៌មានដែលផ្តល់ដោយប្រជាពលរដ្ឋមកកាន់ App Nodrug៕