(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីឆ្លងរបងខ្លោងទ្វារថ្មី និងចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ សិរីមង្គល ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សប្បុរសជន ព្រមទាំងមន្ត្រីរាជការជាច្រើនរូប។

ពិធីនាព្រឹកនេះបានប្រារព្ធទៅតាមគន្លងប្រពៃណីសាសនាដ៏ផូរផង់ ដោយមានការបូជាគ្រឿងពលីការ ទៀនធូបផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងនិមន្តព្រះសង្ឃចំនួន៧អង្គ ដើម្បីចម្រើនព្រះបរិត្ត ពុទ្ធជ័យមង្គល។ ជាមួយគ្នានេះលោករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ ក្នុងនាមមន្ត្រីរាជការទាំងអស់ក្រោមឱវាទក្រសួង ក៏បានប្រគេននូវចង្ហាន់ ទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ចំពោះព្រះភិក្ខុសង្ឃទាំង ៧អង្គ ជាកិច្ចបំពេញកុសលបង្សុកូលផងដែរ។

ជាកិច្ចបន្ទាប់ពីនោះលោករដ្ឋមន្ត្រី និងគណៈអធិបតីបានអារាធនានិមន្តព្រះសង្ឃទាំង ៧អង្គ ស្វាធ្យាយជយន្តោ ប្រោះព្រំខ្លោងទ្វារធំ និងបើកស្បៃជ័យផ្លាកឈ្មោះក្រសួង ដែលទើបសាងសង់រួច ជាកិច្ចចម្រើនសិរីសួស្តីជ័យមង្គល សុំសេចក្តីសុខសប្បាយ និងជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក្នុងមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូន៕